កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីចិនលោក Xi Jinping បានបដិសេធមិនទៅបំពេញទស្សនកិច្ចនៅទីក្រុងប្រ៊ុចសែលសម្រាប់កិច្ចប្រជុំកំពូល ដើម្បីប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាង EU និងមហាយក្សចិន។
ទីក្រុងប៉េកាំងបានប្រាប់មន្ត្រីសហភាពអឺរ៉ុបថា នាយករដ្ឋមន្ត្រី Li Qiang នឹងជួបជាមួយប្រធានក្រុមប្រឹក្សា និងគណៈកម្មការអឺរ៉ុប ជំនួសលោក Xi។


កាសែត Financial Times បាននិយាយថា នាយករដ្ឋមន្ត្រីចិនជារឿយៗតែងបានចូលរួមកិច្ចប្រជុំកំពូល EU ដែលប្រារព្ធឡើងនៅទីក្រុងប្រ៊ុចសែល ខណៈដែលប្រធានាធិបតីធ្វើជាម្ចាស់ផ្ទះនៅទីក្រុងប៉េកាំង ប៉ុន្តែសហភាពអឺរ៉ុបចង់ឱ្យលោក Xi ចូលរួមដើម្បីរំលឹកដល់ពាក់កណ្តាលសតវត្សនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងប្លុក EU ។
Financial Times បាននិយាយបន្តថា ភាពតានតឹងរវាងទីក្រុងព្រុចសែល និងទីក្រុងប៉េកាំងបានកើនឡើងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដោយសហភាពអឺរ៉ុបបានចោទប្រកាន់ប្រទេសចិនថា បានគាំទ្រវិមានក្រឹមឡាំង។ កាលពីឆ្នាំមុន សហភាពអឺរ៉ុបក៏បានដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិនផងដែរ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters