មង្គលការកូនស្រីចៅហ្វាយក្រុងភ្នំពេញ ដូចរៀបចំក្នុងឧទ្យានពោរពេញដោយផ្កាគ្រប់ប្រភេទ

​ម្សិលមិញកម្មវិធី​មង្គលការ ​កូន​ស្រី​ទី​២​របស់​លោក ឃួង ស្រេង ចៅហ្វាយ​ក្រុង​ភ្នំពេញ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់។ គ្រប់​ជ្រុងជ្រោយ​នៃ​រោងការ​តាំង​ពី​ថ្ងៃ​ចូល​រោង​រហូត​ដល់ ពេល​ជប់លៀង​ទទួលទាន​អាហារ​ពេល​ល្ងាច គ្មាន​ទាស់​ចន្លោះ​កន្លែង​ណា​ឡើយ ទាំង​ផ្កាភ្ញី សម្លៀកបំពាក់ ទាំង​កាដូ និង​ការ​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច ពិតជា​គ្មាន​ពាក្យ​បរិយាយ។

តាមដានជាមួយយើង៖ Million Times

មង្គលការ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៃ​លំដាប់​អភិជន ​ដែល​កូន​កំលោះ លីម សុធារ៉ា ត្រូវជាកូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប និងលោកស្រី ថុង ធីតា។ ចំណែក​កូន​ក្រមុំ​នាម ឃួង ស៊ីណាម៉ាឡែន ជាកូនស្រី​លោក ឃួង ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ និង​លោកស្រី ជា ស៊ីណា។

កម្ម​វិធី​ប្រពៃណី​ជាច្រើន លោក ឃួង ស្រេង បាន​រៀបចំ​នៅផ្ទះ​បែប​បុរាណ​​ក្បូរក្បាច់​រចនា​ជា​បែបផែន​ខ្មែរ ហើយ​ចំណែក​កម្មវិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​វិញ​​​គេ​រៀបចំ​តុបតែង​ជា​ផ្កា​ស្រស់ ហើយ​ភាគច្រើន​ជា​ផ្កា​ចម្រុះ​ពណ៌​មាន​ទាំង​ខៀវ ស ផ្កាឈូក ស្វាយ និង​លម្អ​ដោយ​រូបថត​គូស្នេហ៍​អភិជន​នេះ​តែម្ដង។ កាន់តែ​ពិសេស​ពេល​អំពូល​គ្រីស្ដាល់​ចាំង​ពន្លឺ និង​មាន​ផ្សែង​បាញ់​ចេញ​មក​ប្រៀបបីដូចមង្គលការ​នៅលើ​​ឋានសួគ៌ា។

ទិដ្ឋភាព​ពេល​រាត្រី​នៃ​មង្គលការ​ដ៏​សម្បើម​កាលពី​ថ្ងៃ ១៦ ខែ​មីនា ធ្វើឲ្យ​អ្នក​លេង​បណ្ដាញសង្គម​លាន់​មាត់​ថា អស្ចារ្យ​មែនទែន​សឹងតែ​ដូច​ក្នុង​រឿង​ព្រេង​និទាន​ទៅហើយ។

ទាំង​ម្ចាស់​កម្មវិធី និង​ភ្ញៀវ​កិត្តិយស​ដែល​ចូលរួម​មង្គលការ​កូន​ស្រី​លោក ឃួង ស្រេង សុទ្ធសឹងជា​អ្នក​មាន​មុខមាត់​ក្នុង​សង្គមជាតិ ក៏​ដូចជា​មន្រ្តី​រាជការ អ្នក​ជំនួញ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

គួរ​បញ្ជាក់​ថា​​ឧកញ៉ា លីម ប៊ុណ្ណា ដែល​ជា​ន្លង​នឹង​លោក​ ឃួង ស្រេង នោះ គឺជា​សេដ្ឋីផ្នែក​មាន​ប្រភព​ពី​ខេត្ត​កំពង់ចាម ហើយ​មាន​ជំនួញ​​ច្រើន​ផ្នែក​ដូចជា​ អចលនទ្រព្យ និង​សំណង់, វិស័យ​កសិកម្ម និង​ឧស្សាហកម្ម, ការ​ដឹក​ជញ្ជូន និង​​នាំ​ចេញ​នាំ​ចូល, ស្ថានីយប្រេងឥន្ធនៈ និង​មីនីម៉ាត, ភោជនីយដ្ឋាន និង​ហាង​កាហ្វេ, សណ្ឋាគារ និង​ស្កាយបារ, ហាង​ម៉ាស្សា ស្ប៉ា និង​ខេធីវី, រមណីយដ្ឋាន និង​តំបន់​អេកូ​ទេសចរណ៍ និង​សហគ្រាស​កែច្នៃ​ផ្លែឈើ​ជាដើម៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ One Memory