អ្នកឧកញ៉ា សំ សុខនឿន៖ ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក

មួយថ្ងៃបន្ទាប់ពីអញ្ជើញចូលរួមសន្និបាតលេីកទី២ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា រយៈពេលមួយថ្ងៃពេញ កាលថ្ងៃសុក្រ ទី១៤ ខែមីនាឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ឌឺព្រីមៀរ សែន សុខ អ្នកឧកញ៉ា សំ សុខនឿន បានបង្ហាញរូបភាពច្រើនសន្លឹកជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រំលេចដោយសារគូសបញ្ជាក់លើភាពជាអ្នកដឹកនាំរបស់សម្តេចដែលមានឆន្ទៈជម្រុញវិស័យឯកជនឱ្យរីកចម្រើនឥតឈប់ឈរ។

សន្និបាតសមាគមឧកញ៉ាកម្ពុជា ត្រូវបានអញ្ជើញបិទដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាពេលរសៀលហើយក្នុងឱកាសបដិសណ្ឋារកិច្ចស្វាគមន៍វត្តមានអញ្ជើញដល់កន្លែងសន្និបាតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN Group សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា បានទទួលឱកាសសន្ទនាខ្លីជាមួយសម្តេចនាយករដ្ឋមន្រ្តីប្រកបដោយអត្ថន័យក្នុងនាមពាណិជ្ជករដែលកំពុងបន្តពង្រីកឱកាសវិនិយោគ និងគៀរគរហៅក្រុមហ៊ុនពីក្រៅប្រទេសមកបណ្តាក់ទុននៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ថ្លែងសារនាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឧកញ៉ានៅកម្ពុជានាពេលបច្ចុប្បន្ន សុទ្ធសឹងជាអ្នកដែលបានប្រឹងប្រែងក្នុងកិច្ចកសាងអាជីវកម្ម ពោលមិនមាននរណាមាន ធនធានជាមរតកឪពុកម្តាយនោះឡើយ គឺរបប ប៉ុល ពត បានប្រមូលអស់ហើយ។

នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ពាណិជ្ជករដែលមានក្រុមហ៊ុនច្រើនវិស័យនៅក្នុងដៃ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានគោរពអគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយនឹងប្រកាសអំពីឆន្ទៈគាំទ្រដល់បេសកកម្មដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេច។

អ្នកឧកញ៉ា សំ សុខនឿន បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការបន្តរក្សាការពារសន្តិភាព និងចក្ខុវិស័យដឹកនាំនាវាកម្ពុជាប្រកបដោយគតិបណ្ឌិត សមត្ថភាព ឧត្តមគតិស្នេហាជាតិ ឆន្ទៈដ៏មោះមុតក្នុងការបម្រើប្រជាជនរបស់សម្តេចបវរធិបតី កម្ពុជាបន្តឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាកត្តាជម្រុញវិស័យឯកជនឱ្យរីកចម្រើនឥតឈប់ឈរ ព្រមទាំងផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក»។

អស់រយៈពេលច្រើនឆ្នាំមកហើយ អ្នកឧកញ៉ា សំ សុខនឿន តែងតែបានអមដំណើរគណៈប្រតិភូរាជរដ្ឋាភិបាល សភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ាកម្ពុជា និងប្រតិភូ SAM SN Group អញ្ជើញបំពេញទស្សនកិច្ចវិនិយោគនៅក្រៅប្រទេស គឺក្នុងបេសកកម្មផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ។ សម្រាប់វេទិកាធំៗកម្រិតតំបន់ និងពិភពលោក អ្នកឧកញ៉ាក៏តែងតែបង្ហាញវត្តមានចូលរួមផងដែរ។

នាពេលកន្លងទៅ អ្នកឧកញ៉ា សំ សុខនឿន បានសម្របសម្រួលវិនិយោគិនបរទេសជាច្រើនប្រតិភូ ដោយមានជំនួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួងស្ថាប័នជាច្រើនទៀតដើម្បីឲ្យវិនិយោគិនបរទេសទាំងនោះស្តាប់ឱកាសបើកអាជីវកម្មកម្ពុជា៕

អត្ថបទ៖ សាងតេៈ រូបភាព៖ ផេកអ្នកឧកញ៉ា សំ សុខនឿន