រយៈពេល ៤ឆ្នាំនេះ សមាគមឧកញ៉ាកម្ពុជា ដែលបណ្តុំដោយបុគ្គលអ្នកមានលុយ និងអាជីវកម្មគ្រាក់ៗនៅកម្ពុជា រួមជាមួយជនបរទេសដែលមានសញ្ជាតិខ្មែរហើយទទួលបានគោរមងារឧកញ៉ា បានប្រមែប្រមូលសមាជិក សមាជិកាសរុបចំនួន ៤៤៦រូបហើយ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤។
ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនានេះ លោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមាគមមានសមាជិកចំនួន ៤៤៦រូប កើនឡើងប្រមាណ ២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះទីប្រឹក្សាជាន់ខ្ពស់៨រូប, ក្រុមប្រឹក្សាភិបាល៤៥រូប, សកម្ម៣៤រូប និងទ្រទ្រង់ ៣៥៤រូប) ដែលមានគោរមងារជាលោកអ្នកឧកញ៉ា ៥រូប អ្នកឧកញ៉ា ១៤០រូប និងឧកញ៉ា ៣០១រូប។


ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ាដែលបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានកំណត់ថា មានតែនាយករដ្ឋមន្ត្រីម្នាក់គត់ដែលមានសិទ្ធិលើកសំណើថ្វាយព្រះមហាក្សត្រក្នុងការស្នើសុំ និងបញ្ចប់គោរមងារឧកញ៉ា។ ព្រះរាជក្រឹត្យដដែលក៏បានគូសបញ្ជាក់ដែរថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវតែគោរពច្បាប់ និងលិខិតបទដ្ឋាននានារបស់កម្ពុជា ហើយត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
ដោយឡែក អនុក្រឹត្យមួយទៀតបានកំណត់ថា ការផ្តល់គោរមងារ «លោកអ្នកឧកញ៉ា» លុះត្រាណាតែបុគ្គលនោះបានទទួលគោរមងារជាអ្នកឧកញ៉ាយ៉ាងតិច ៥ឆ្នាំ និងត្រូវផ្តល់អំណោយថវិកាជូនរដ្ឋចំនួន ៤ លានដុល្លារ។ រីឯគោរមងារ «អ្នកឧកញ៉ា» ត្រូវតែជាបុគ្គលដែលមានគោរមងារឧកញ៉ាយ៉ាងតិច ៣ឆ្នាំ និងត្រូវផ្តល់អំណោយថវិកាជូនរដ្ឋចំនួន១ លានដុល្លារ។ ចំណែក គោរមងារ «ឧកញ៉ា» គោរមវន្តត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ និងត្រូវផ្តល់អំណោយជាថវិកាជូនរដ្ឋចំនួន ៥០ម៉ឺនដុល្លារ ឬក៏កសាងសមទ្ធិផលក្នុងសង្គមជាតិដែលមានតម្លៃសមមូល។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានកំណត់ចំនួនទឹកប្រាក់ឲ្យបុគ្គលមានគោរងារ «លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា» ត្រូវបង់វិភាគទានចាប់ពី ៨ពាន់ដុល្លារអាមេរិក ដល់ ១០ម៉ឺនដុល្លារអាមេរិកប្រចាំឆ្នាំ។
អនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា បានបញ្ជាក់ឱ្យគោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល រួមមាន៖ លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ) អ្នកឧកញ៉ា៖ ៦០ ០០០ ០០០ (ហុកសិបលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ១ម៉ឺន ៥ពាន់ដុល្លារ) និងឧកញ៉ា៖ ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ៨ពាន់ដុល្លារ)។
អនុក្រឹត្យដដែលបង្គាប់ថា គោរមវន្តទាំងអស់ត្រូវបង់វិភាគទានប្រចាំឆ្នាំនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា ចំពោះគោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ សមាគមឧកញ៉ាកម្ពុជា