ឡើងកូដខ្លាំង! កំពូលអ្នកមានដាច់គេនៅវៀតណាម ជាប់ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោក ៥០០រូប

មហាសេដ្ឋីមានបំផុតប្រចាំប្រទេសវៀតណាម លោក Pham Nhat Vuong កំពុងឡើងកូដខ្លាំង និងពង្រីកអាជីវកម្មសឹងគ្រប់វិស័យ ពេលនេះត្រូវបានសារព័ត៌មាន Forbes រាប់បញ្ចូលក្នុងបញ្ជីកំពូលអ្នកមានដាច់គេលើពិភពលោក ចំនួន ៥០០រូប។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាននិយាយពីមហាសេដ្ឋី Forbes បានចុះផ្សាយថា លោក Vuong បច្ចុប្បន្នមានទ្រព្យសម្បត្តិ ៦,៦ពាន់លានដុល្លារ និងបានជាប់នៅលេខរៀងទី៤៩៥ នៃបញ្ជីមនុស្សកំពូលលុយ មានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក។

ប្រធានក្រុមហ៊ុនធំបំផុតនៅវៀតណាម Vingroup រូបនេះ បានសំងំកើបលុយច្រើនក្រាស់ក្រែល រយៈពេល ២ខែកន្លងមក ដោយកើនទ្រព្យសម្បត្តិប្រហែល ២,២ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនក្រុមហ៊ុន Vingroup ឡើងថ្លៃ ១៧%។

គួរជម្រាបបន្តិចថា លោក Pham Nhat Vuong ត្រូវបានគេហទំព័រ Forbes កត់ឈ្មោះចូលក្នុងបញ្ជីមហាសេដ្ឋីលើដំបូង កាលពីឆ្នាំ២០១៣ ជាមួយទំហំទ្រព្យសម្បត្តិ ១,៥ពាន់លានដុល្លារ ហើយពេលនោះលោកជាប់នៅលេខរៀងទី៩៧៤។

១២ឆ្នាំក្រោយ កំពូលអ្នកមានដាច់គេនៅវៀតណាមរូបនេះ បានរំកិលខ្លួនមកដល់លេខរៀងទី៤៩៥ ក្នុងបញ្ជីកំពូលមហាសេដ្ឋីពិភពលោក ជាមួយទ្រព្យសម្បត្តិ ៦,៦ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ AP