ប្រធានសមាគមបាល់ទាត់នៃប្រទេសថៃ លោកស្រី Nualphan Lamsam ដែលគ្រប់គ្នាដាក់រហស្សនាមថា Madam Pang បានហូរទឹកភ្នែករហាម អំឡុងពេលធ្វើបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ជុំវិញបញ្ហាបំណុលរបស់ក្លឹបចំនួន ៣៦០លានបាត ឬប្រហែល ១០,៦លានដុល្លារ។


ទីភ្នាក់ងារព័ត៌មាន Thai News បានចុះផ្សាយថា សមាគមបាល់ទាត់ថៃកំពុងជាប់បំណុល ៣៦០លានបាត បន្ទាប់ពីចាញ់ក្ដីជាមួយក្រុមហ៊ុន Siam Sport ខណៈបំណុលទាំងនោះ គឺជាសំណងដែលក្រុមហ៊ុនទាមទារ ក្រោមអំណះអំណាងថា ការផ្ដាច់កុងត្រាមិនសមហេតុផល ដែលសមាគមបាល់ទាត់បានធ្វើកាលពីឆ្នាំ២០១៦ បានធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ក្រុមហ៊ុនជាខ្លាំង។
Madam Pang បានយំនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ និងបាននិយាយថា លោកស្រីគោរពតាមការសម្រេចរបស់តុលាការ ហើយសមាគមបាល់ទាត់ថៃ នឹងព្យាយាមសងបំណុលចំនួន ៣៦០លានបាត ទៅកាន់ក្រុមហ៊ុន Siam Sport។

គួរជម្រាបដែរថា Madam Pang គឺជាអ្នកស្នងមរតកនៃគ្រួសារមហាសេដ្ឋីមួយ ដែលមានទ្រព្យសម្បត្តិប្រហែល ៨៩០លានដុល្លារ។ លោកស្រីគឺជាស្ត្រីតែម្នាក់គត់ ដែលបានទទួលតួនាទី ជាប្រធានសមាគមបាល់ទាត់ថៃក្នុងប្រវត្តិសាស្ត្រ ខណៈអ្នកតាមដានវិស័យកីឡាបាល់ទាត់ដឹងច្បាស់ថា Madam Pang គឺជាមនុស្សស្រលាញ់កីឡាបាល់ទាត់ជាខ្លាំង ហើយតែងតែព្យាយាមលើកកម្ពស់វិស័យបាល់ទាត់ថៃ លើឆាកអន្តរជាតិតាមសមត្ថភាពរបស់លោកស្រីគ្រប់បែបយ៉ាង៕
អត្ថបទ៖ Luffy រូបភាព៖ New York Times