អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបើកឲ្យមានការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វជ្រូកបង្កកឡើងវិញ ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះតទៅ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនានេះថា វិធានការហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ជាបណ្តោះអាសន្ន បានផុតសុពលភាពហើយ កាលពីថ្ងៃទី១២ ខែមីនា។ មានន័យថា ចាប់ពីថ្ងៃទី១៣ ខែមីនានេះ ការនាំចូលមុខទំនិញគ្រឿងក្នុង សត្វជ្រូកបង្កក មកកម្ពុជា អាចធ្វើឡើងជាប្រក្រតីឡើងវិញ ដោយអនុលោមតាមអនុក្រឹតស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ជាបណ្តោះអាសន្ននេះកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ដែលវិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចូលទំនិញ ឬផលិតផលខាងសាច់បង្កក និងគ្រឿងក្នុង សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។
បើតាមគយ និងរដ្ឋាករកម្ពុជា ផលិតផលដែលត្រូវបានហាមឃាត់រួមមាន៖ អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក,សាច់ និងគ្រឿងក្នុងមាន់បង្កក។ ចំណែក ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម