មហាសេដ្ឋី ៥រូបចូលរួមពិធីស្បថចូលកាន់តំណែង Trump ដឹកដៃគ្នារបូតលុយជាង ២០០ពាន់លានដុល្លារ

កំពូលមហាសេដ្ឋី ៥រូប ដែលបានចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី Donald Trump កាលពីថ្ងៃទី២០ ខែមករា បានបាត់បង់ទ្រព្យសម្បត្តិសរុបរហូតដល់ ២០៩ពាន់លានដុល្លារ ចាប់តាំងពីពេលនោះ មកទល់បច្ចុប្បន្ន។

គេហទំព័រនិយាយពីអ្នកមាន Bloomberg បានចុះផ្សាយថា មនុស្សកំពូលលុយទាំង ៥រូបនោះរួមមាន មហាសេដ្ឋី Elon Musk, Jeff Bezos, Sergey Brin, Mark Zuckerberg និងលោក Bernard Arnault ខណៈអ្នកដែលខាតបង់ច្រើនបំផុតគឺមេធំក្រុមហ៊ុន Tesla។

តាមដានជាមួយយើង៖ Million Times

ចាប់តាំងពីលោក Trump ស្បថឡើងកាន់តំណែងជាមេដឹកនាំអាមេរិក មហាសេដ្ឋី Elon Musk បានរបូតលុយអស់ប្រហែល ១៤៨ពាន់លានដុល្លារ ស្របពេលស្ថាបនិកក្រុមហ៊ុន Amazon បាត់បង់ប្រាក់ ២៩ពាន់លានដុល្លារ ខណៈសហស្ថាបនិក Google ខាតអស់ ២២ពាន់លានដុល្លារ។ រីឯមេធំ Facebook រួមទាំងកំពូលមហាសេដ្ឋីបារាំង របូតទ្រព្យសម្បត្តិម្នាក់ ៥ពាន់លានដុល្លារ។

មូលហេតុធំបំផុតដែលធ្វើឲ្យក្រុមមនុស្សកំពូលលុយទាំងនេះ ខាតបង់ទ្រព្យសម្បត្តិអស់ច្រើនសន្ធឹក គឺដោយសារតម្លៃភាគហ៊ុននៃក្រុមហ៊ុនរបស់ពួកគេ នៅលើផ្សារហ៊ុនកំពូលអាមេរិក Dow Jones ដាំក្បាលចុះជាខ្លាំង ក្រោយលោក Trump ដាក់ចេញនូវផែនការទារពន្ធគយ ចំពោះបណ្ដាប្រទេសជាច្រើន៕

អត្ថបទ៖ Luffy រូបភាព៖ Getty Images