កាលពីថ្ងៃពុធ ទី១២ ខែមីនា ធនាគារធំបំផុតនៅប្រទេសចិន ICBC បានប្រកាសពីការបញ្ចេញកញ្ចប់មូលនិធិទំហំ ៨០ពាន់លានយ៉ន់ ឬប្រហែល ១១ពាន់លានដុល្លារ ផ្ដោតលើការស្រាវជ្រាវបច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីគាំទ្រដល់វិស័យឯកជន បង្កើនកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


ធនាគារគ្រប់គ្រងដោយរដ្ឋាភិបាលចិនមួយនេះបានអះអាងថា កញ្ចប់មូលនិធិថ្មីបង្កើតឡើងក្នុងគោលបំណង ជំរុញការគាំទ្រ “បច្ចេកវិទ្យារឹង” តាមរយៈការបណ្តាក់ទុនដោយសមធម៌ សំដៅលើផលិតផលដូចជា បន្ទះឈីប និងការផលិតកម្រិតខ្ពស់លើ “បច្ចេកវិទ្យាទន់” ដូចជាសេវាអ៊ីនធឺណិតជាដើម។
បន្ថែមពីនោះ ប្រធានធនាគារ លោក Liao Lin ក៏បានមានប្រសាសន៍ទៀតថា ICBC នឹងអនុវត្តយ៉ាងហ្មត់ចត់នូវការណែនាំពីភាពជាអ្នកដឹកនាំកណ្តាល ដោយការផ្លាស់ប្តូរគោលនយោបាយដែលមានអត្ថប្រយោជន៍ ទៅជាសកម្មភាពជាក់ស្តែងដែលគាំទ្រដល់សហគ្រាសឯកជន។
សូមជម្រាបដែរថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេសចិន កាលពីសប្តាហ៍មុនបានដាក់ចេញនូវអាទិភាពគោលនយោបាយសំខាន់ៗរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ នៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំ រួមទាំងរបៀបដែលពួកគេគ្រោងនឹងជំរុញការប្រើប្រាស់ និងសម្រេចបាននូវរបកគំហើញបច្ចេកវិទ្យា ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក៕
អត្ថបទ៖ luffy រូបភាព៖ Reuters