បន្ទាប់ពីចរចាអស់រយៈពេលជាង ៨ម៉ោង សហរដ្ឋអាមេរិកបានយល់ព្រមបន្តផ្ដល់ជំនួយយោធា និងចែករំលែកព័ត៌មានសម្ងាត់ ទៅកាន់ភាគីអ៊ុយក្រែនវិញ ខណៈរដ្ឋាភិបាលទីក្រុងគៀវបានយល់ព្រមទទួលយកសំណើបទឈប់បាញ់ ដែលរៀបចំដោយអាមេរិក។


ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រោយជំនួបរវាងគណៈប្រតិភូអាមេរិក ដឹកនាំដោយប្រមុខការទូត Marco Rubio និងក្រុមមន្ត្រីអ៊ុយក្រែន នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ភាគីអ៊ុយក្រែនបានព្រមព្រៀងលើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃ ហើយបច្ចុប្បន្នអាមេរិកកំពុងរៀបចំសំណើនេះ ទៅកាន់ភាគីរុស្ស៊ីម្ដង។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានបង្ហើបប្រាប់ថា កិច្ចចរចាជាមួយមន្ត្រីអ៊ុយក្រែនទទួលបានជោគជ័យ ហើយទីក្រុងវ៉ាស៊ីងតោនចង់បានកិច្ចព្រមព្រៀងពេញលេញ រវាងអ៊ុយក្រែន និងរុស្ស៊ី នាពេលឆាប់ៗខាងមុខ ស្របពេលបច្ចុប្បន្នលោកមានជំនឿចិត្តថា រុស្ស៊ីមានភាគរយខ្ពស់ក្នុងការយល់ព្រម ជាមួយសំណើបទឈប់បាញ់ដែលរៀបចំដោយអាមេរិក។

បន្ទាប់ពីទទួលបានជោគជ័យក្នុងជំនួបនៅប្រទេសអារ៉ាប៊ីសាអូឌីត ក៏មានដំណឹងមកថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងមានគម្រោងអញ្ជើញប្រធានាធិបតី Volodymyr Zelensky មកកាន់សេតវិមានម្ដងទៀត ដើម្បីជជែកឲ្យស៊ីជម្រៅអំពីកិច្ចព្រមព្រៀងសន្តិភាព ដើម្បីអាចរកដំណោះស្រាយបញ្ចប់សង្គ្រាមជាង ៣ឆ្នាំ ឲ្យកាន់តែលឿនតាមដែលអាចធ្វើទៅបាន។
សូមជម្រាបដែរថា បទឈប់បាញ់ដែលអាមេរិកបានរៀបចំសម្រាប់អ៊ុយក្រែន និងរុស្ស៊ី នឹងចូលជាធរមានភ្លាមៗ បើសិនជារុស្ស៊ីយល់ព្រមសំណើនេះ។ ក្រោយចូលជាធរមាន ភាគីអ៊ុយក្រែន និងរុស្ស៊ី តម្រូវឲ្យផ្អាកការធ្វើសង្គ្រាមរយៈពេល ៣០ថ្ងៃ ទាំងការវាយប្រហារគ្រាប់មីស៊ីល ដ្រូន ការគប់គ្រាប់បែក ការវាយប្រហារនៅសមុទ្រខ្មៅ រួមទាំងតំបន់សមរភូមិជួរមុខថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ VOX