ក្រសួងការពារជាតិ និងក្រុមហ៊ុនចិន សម្រេចបណ្តាក់ទុនរួមគ្នាបង្កើតសួនឧស្សាហកម្មសេ០១ លើផ្ទៃដីជាង ១៣២ហិកតា

ក្រសួងការពារជាតិ និងក្រុមហ៊ុន SAGERAS DEFENSE (CAMBODIA) CO.LTD របស់ប្រទេសចិន បានបណ្តាក់ទុនរួមគ្នាបង្កើតសួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិ ដែលគម្រោងនេះគឺលទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការវិនិយោគ រវាងអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេសក្រសួងការពារជាតិ ជាមួយក្រុមហ៊ុនចិន។

ពិធីបើកការដ្ឋានសាងសង់គម្រោង សួនឧស្សាហកម្មសេ០១ ធ្វើឡើងក្រោមការចូលរួមពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងទំហំផ្ទៃដីប្រមាណជាង ១៣២ហិកតា ស្ថិតនៅ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយ ផ្លូវជាតិលេខ៥១។

តាមដានជាមួយយើង៖ Million Times

ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ បានឱ្យដឹងថា សួនឧស្សាហកម្មសេ០១ (C-01) មានការស្ថាបនាផ្លូវធំ និងផ្លូវតូចទំហំ ២៣៧,២២២ម៉ែត្រការ៉េ, តំបន់ផែស្ងួត ទំហំ ១០,០៩៥ម៉ែត្រការ៉េ, តំបន់ជម្រើសទី១ សម្រាប់ផែស្ងួត និងតំបន់ឧស្សាហកម្ម ទំហំ៦៧,៩៣១ម៉ែត្រការ៉េ, តំបន់ជម្រើសទី២ សម្រាប់ផែស្ងួត និងតំបន់ឧស្សាហកម្ម ទំហំ ៦៧,៩៣១ម៉ែត្រការ៉េ, តំបន់អគារពហុបំណងពាណិជ្ជកម្ម, តំបន់រោងចក្រ, តំបន់សាធារណៈ និងកីឡា, អគារស្នាក់នៅបុគ្គលិក កម្មករ និងសន្តិសុខ, តំបន់ស្តុកទឹក និងចំណតឡានអគ្គិភ័យ, តំបន់បន្សុទ្ធទឹក, តំបន់ចំណតឡានកម្មករ, តំបន់តូបផ្សារកម្មករ និងតំបន់លម្អបៃតង។ 

លោកថា បច្ចុប្បន្នកំពុងធ្វើការចាក់ដីលុបបំពេញ ជីកប្រព័ន្ធលូបង្ហូរទឹក សាងសង់របងបណ្តោះអាសន្ន ចាក់បេតុងបានទំហំ ៤.៤ហិកតា និងកំពុងស្នើសុំច្បាប់អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) អាជ្ញាបណ្ណផែស្ងួត ព្រមទាំងបំពេញបែបបទពាក់ព័ន្ធផ្សេងៗទៀត ទៅតាមគោលការណ៍ច្បាប់នៃកម្ពុជា។

នៅក្នុងឱកាសបើកការដ្ឋាននោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ចំពោះក្រុមហ៊ុនដែលមានជំនឿទុកចិត្តមកលើអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ សម្រេចចិត្តបណ្តាក់ទុនវិនិយគគម្រោងសួនឧស្សាហកម្មសេ០១ របស់ក្រសួងការពារជាតិ ដែលគម្រោងវិនិយោគនេះនឹងរួមចំណែកលើកកម្ពស់សមត្ថភាព និងលទ្ធភាពវិស័យការពារជាតិកម្ពុជា ដែលនឹងរួមវិភាគទានដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពនៅក្នុង និងក្រៅតំបន់ផងដែរ។

លោកក៏មិនភ្លេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនសព្វសារពើជុំវិញការងារបច្ចេកទេសយោធានាពេលកន្លងមកទទួលបានលទ្ធផលវជ្ជមានគួរឱ្យកក់សម្គាល់ ក្នុងនោះបានព្យាយាមស្វះស្វែងទំនាក់ទំនងក្រុមហ៊ុន សហគ្រាសឯកជន និងរដ្ឋទាំងក្នុង និងក្រៅប្រទេស ធ្វើជាដៃគូវិនិយោគ សំដៅពង្រឹង និងពង្រីកសមត្ថភាពលើគ្រប់ផ្នែក និងគ្រប់វិស័យ ស្របតាមផែនការនៃការកែទម្រង់នៃកងយោធពលខេរភូមិន្ទ, សៀវភៅ-សការពារជាតិ កម្មវិធីវិនិយោគ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី សុខសន្តិភាព នៃការអភិវឌ្ឍន៍ជូនសង្គមជាតិ និងមាតុភូមិ។

ទន្ទឹមគ្នានេះ លោក ទៀ សីហា មានជំនឿ និងក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន SAGERAS DEFENSE ជាមួយនឹងអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់កម្ពុជា ជាអាទិ៍ ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការផ្តល់ការងារជាអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០ ព្រមទាំងជួយរំលែក និងអភិវឌ្ឍស្ថាប័នការពារជាតិ កសាពង្រឹងពង្រីកសមត្ថភាព លទ្ធភាពកងយោធពលខេមរភូមិន្ទ ឱ្យឈានចូលដល់ដំណាក់កាលថ្មីមួយដល់ការប្រើបច្ចេកវិទ្យានៅក្នុងបច្ចេកទេសវិស័យយោធា៕