ឆ្នាំនេះជាការរៀបចំអង្គរសង្រ្កាន្តឆ្នាំទី១២ហើយនៅខេត្តសៀមរាប នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនរហូតដល់ទៅ ៦ទីតាំងឯណោះ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូប។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ កាលព្រឹកថ្ងៃទី៩ ខែមីនាម្សិលមិញ បានលើកឡើងថា «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងធ្វើឡើងចំនួន៦ទីតាំង គឺនៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរឃ្យុងយូ»។


លោកបន្តថា ឆ្នាំនេះនឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនមានដូចជា ការសម្តែងទស្សនីយភាពចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។
លោក ហ៊ុន ម៉ានី បានលើកឡើងថា គិតចាប់ឆ្នាំ២០១៣រហូតមកដល់ពេលនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានធ្វើចំនួន១២ឆ្នាំហើយ។ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំទី១២នេះ ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូប ហើយក៏ជាផ្តល់ជូននូវជម្រើសមួយបន្ថែមទៀតរបស់សម្តេចនាយករដ្ឋមន្ត្រី ជូនដល់ពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល៣ ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមការងារ ស.ស.យ.ក