កាលពីថ្ងៃអាទិត្យ ទី០៩ ខែមីនា រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ Kristi Noem បានតែងតាំងថ្នាក់ដឹកនាំថ្មីមួយរូប នៅអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងពន្ធគយ ដើម្បីជម្រុញប្រសិទ្ធភាពអនុវត្តច្បាប់ ឲ្យស្របតាមគោលដៅបណ្ដេញជនភៀសខ្លួនខុសច្បាប់ របស់ប្រធានាធិបតី Donald Trump។


សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតី Trump ធ្លាប់បានប្រកាសក្ដែងៗពីគោលបំណងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក ក្នុងចំនួនរាប់សិបលាននាក់ ប៉ុន្តែនៅក្នុងខែដំបូងនៃការកាន់អំណាចរបស់លោក រដ្ឋាភិបាលបានបណ្ដេញជនអន្តោប្រវេសន៍តែ ៣៧ ៦៦០នាក់ ដែលតិចជាងការរំពឹងទុកច្រើន។
ទិន្នន័យដែលទទួលបានទាបជាងការរំពឹងទុកនេះ បានធ្វើឲ្យលោក Caleb Vitello ប្រកាសចុះចេញពីតំណែង ខណៈរដ្ឋមន្ត្រី Noem បាននិយាយថា នាងនឹងតែងតែលោក Todd Lyons មកបន្តតំណែងមួយនេះ ដើម្បីបន្តជម្រុញប្រសិទ្ធភាពអនុវត្តច្បាប់អន្តោប្រវេសន៍ ឲ្យស្របតាមគោលនយោបាយរបស់លោក Trump។

គួរជម្រាបដែរថា ប្រធានាធិបតី Donald Trump បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីពាក់ព័ន្ធ អនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានល្អបំផុត ដើម្បីបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីសហរដ្ឋអាមេរិកទាំងអស់ បន្ទាប់ពីអះអាងថា ពួកគេគឺបានសំងំរស់នៅកិបកេងកម្លាំងញើសឈាម និងដណ្ដើមផលប្រយោជន៍ជនជាតិអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ Reuters