លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញពីភាពសប្បាយរីករាយ ដោយសារតែគម្រោងបើកឱ្យដំណើរផ្លូវថ្មើរជើង Walk Street ទទួលបានជោគជ័យ ដោយបន្ថែមពីលើនេះលោកចង់បានការប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋមកធ្វើដំណើរដោយមធ្យោបាយរួម ឬតាមរយៈថ្មើរជើងក្នុងរាជធានីភ្នំពេញ។
ក្នុងដំណើរត្រួតពិនិត្យវឌ្ឍនភាពផ្លូវថ្មើរជើង «Walk Street» មាត់ទន្លេកាលពីថ្ងៃអាទិត្យ លោក ឃួង ស្រេង បានលើកឡើងថា ការធ្វើដំណើរថ្មើរជើង វាជាប្រយោជន៍ច្រើន ក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិ និងសុខមាភាពផ្ទាល់ខ្លួនរបស់ពួកគាត់។សុខមាភាពប្រជាពលរដ្ឋ គឺជាសុខមាភាពរបស់ថ្នាក់ដឹកនាំ ហេតុដូច្នេះហើយ ទើបសម្តេចនាយករដ្ឋមន្រ្តី ជំរុញឱ្យរាជធានី–ខេត្តទាំងអស់ ឱ្យរៀបចំព្រឹត្តិការណ៍ផ្លូវថ្មើរជើងនេះ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ហើយវាក៏ជាជំនួយដល់សុខមាភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ។


លោកបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញ តម្រូវការមួយដែលយើងចង់បាននោះ គឺការប្តូរឥរិយាបទប្រជាពលរដ្ឋ ពីការធ្វើដំណើរ ដោយរថយន្តឯកជន វិលត្រឡប់មកធ្វើដំណើរដោយមធ្យោបាយរួម ឬក៏ធ្វើដំណើរតាមរយៈថ្មើរជើង។ លោកថា តាមរយៈការធ្វើដំណើរថ្មើរជើង ពួកគាត់នឹងទទួលបានសុខភាព មិនប៉ះពាល់ដល់លំហូរចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលកំពុងតែកកស្ទះចរាចណ៍ដែរ។
លោកថ្លែងថា៖ «ការរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះយើងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អាជីវកម្មក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ពោលគឺនៅថ្ងៃដែលយើងបើកដំបូង ថ្ងៃទី១ ខែកុម្ភៈ គឹប្រជាពលរដ្ឋរស់នៅក្នុងតំបន់ បានយកយានយន្តរបស់គាត់ ចេញទៅខាងក្រៅ ផ្ញើនៅខាងក្រៅ ដោយទុកឱកាសឱ្យ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ចូលរួមដំណើរកម្សាន្ត»។

លោកអភិបាលរាជធានីភ្នំពេញ បានបង្ហាញថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្រៅតំបន់ គឺប្រហែលជាចំនួន ៤ ទៅ ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយបានបង្ហាញពីភាពសប្បាយរីករាយ នៅក្នុងការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ គិតដល់ថ្ងៃអាទិត្យ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែគត់ តែចំពោះសន្តិសុខ សុវត្ថិភាព គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋមិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។
លោក ឃួង ស្រេង បានបញ្ជាក់ថា នៅថ្ងៃដំបូង ថ្វីបើមានការចូលរួម ពីសំណាក់អាជីវករ និងប្រជាពលរដ្ឋច្រើន ប៉ុន្តែក៏មានអាជីវករលក់ដូរខ្លះព្រួយបារម្ភ ដោយពួកគាត់គិតថា ការបិទផ្លូវទៅប្រហែលជាដាច់ភ្ញៀវរបស់គាត់។ ការបិទថ្ងៃដំបូង ភ្ញៀវរបស់គាត់ អត់ចូលហាងមែន តែដល់សប្តាហ៍ទី២ ភ្ញៀវទេសចរ បានចូលទៅហាងគាត់ពេញៗ គាត់លែងព្រួយបារម្ភ គាត់សប្បាយរីករាយណាស់ ដោយពួកគាត់លក់ដាច់ ហើយប្រើប្រាស់រយៈពេលខ្លី។ កិច្ចការងារនេះ យើងបានទាំងសុខមាភាពប្រជាពលរដ្ឋ បានទាំងតម្រូវចិត្តដល់ប្រជាពលរដ្ឋ ទូទៅក្នុងរាជធានីភ្នំពេញ និងខេត្តទាំង២៤ ក៏ដូចជាភ្ញៀវទេសចរ ព្រមទាំងអាជីវកក្នុងតំបន់នេះ។

បើតាមលោក ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំជាបណ្តើរៗថែមទៀត ដោយយើងរៀបចំសិល្បៈវប្បធម៌ ដែលជាប្រពៃណីជាតិយើង ដើម្បីបង្ហាញអំពីស្នាដៃ និងវប្បធម៌ដ៏ល្អផូរផង់ របស់ដូនតាយើង ដែលបន្សល់ទុកឱ្យយើង មកបង្ហាញដល់យុវជនជំនាន់ក្រោយ អំពីវប្បធម៌របស់យើង ដូចជាល្ខោនបាសាក់ ចាប៉ីដងវែង ចម្រៀងអាយៃ ដែលយើងនឹងខិតខំប្រឹងប្រែងទាក់ទាញដល់អ្នកសិល្បករ ឱ្យមកសម្តែង បង្ហាញនូវសមត្ថភាពរបស់គាត់ជូនដល់ទស្សនិកជន។ មានទាំងសៀករហ័សកម្ម របស់ជនបរទេស ដែលមិនមានការគ្រោងទុក បានមកលេងជាមួយនិង ប្រជាពលរដ្ឋឈរមើលច្រើនកុះករ។ បន្ថែមពីនេះយើងនឹងរៀបចំឱ្យ មានការលក់ដូរ ម្ហូបចំណី បង្អែមប្រពៃណីជាតិ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ។

លោកបានប្តេជ្ញាថា អាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះបន្តទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យបានច្រើនលើសលប់ ដោយធានាឱ្យបានសុវត្ថិភាពជូនទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាមុខរបរអាជីវកម្មរបស់បងប្អូននៅក្នុងតំបន់ ឱ្យទទួលបានជោគជ័យ មានជីវភាពកើនឡើងជាលំដាប់៕


អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ