វៀតណាមចំណេញកប់! បណ្តាមេដឹកនាំអឺរ៉ុបត្រៀមធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ

មេដឹកនាំអឺរ៉ុបកំពុងរៀបចំផែនការធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមក្នុងប៉ុន្មានខែខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍នេះ ចំពេលមានភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលអាចប៉ះពាល់ដល់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយ។

អតីតប្រធានាធិបតីអាមេរិក Joe Biden បានជំរុញយ៉ាងខ្លាំងក្នុងការជំរុញឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងអតីតសត្រូវ ដោយចាត់ទុកប្រទេសនេះថា ជាដៃគូដ៏សំខាន់ក្នុងយុទ្ធសាស្ត្រទប់ទល់នឹងប្រទេសចិន ប៉ុន្តែទំនាក់ទំនងទ្វេភាគីអាចនឹងចុះខ្សោយ ប្រសិនបើលោក Donald Trump ដាក់ពន្ធលើទីក្រុងហាណូយ ជាគោលដៅសក្តានុពលនៃពន្ធគយដែលគម្រាមកំហែងដោយសារតែអតិរេកពាណិជ្ជកម្មដ៏ធំ។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនឹងភាពមិនច្បាស់លាស់នេះ បណ្តាប្រទេសនៅអឺរ៉ុបកំពុងបង្កើនទំនាក់ទំនងរបស់ពួកគេជាមួយវៀតណាម ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីបារាំងលោក Emmanuel Macron គ្រោងនឹងធ្វើទស្សនកិច្ចនៅខែក្រោយនេះ។ មន្ត្រីនិងអ្នកការទូតអឺរ៉ុបបាននិយាយថា ការបំពេញទស្សនកិច្ចត្រូវបានគ្រោងទុកជាយូរណាស់មកហើយ តែមិនទាន់បានបញ្ជាក់នៅឡើយ។

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបបាននិយាយថា លោក Macron អាចធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនៅចុងខែឧសភា ក្នុងគោលបំណងជំរុញទំនាក់ទំនងជាមួយអតីតអាណានិគមនេះ បន្ទាប់ពីទីក្រុងប៉ារីសបានបង្កើនទំនាក់ទំនងការទូតជាផ្លូវការកាលពីឆ្នាំមុន ខណៈដែលលោកស្រី von der Leyen អាចទៅបំពេញទស្សនកិច្ចមុននេះក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាផ្លូវការ។

គួរកត់សម្គាល់ថា សហភាពអឺរ៉ុបបាននាំចូលទំនិញមានតម្លៃ ៥២ ពាន់លានដុល្លារពីវៀតណាមកាលពីឆ្នាំមុន តិចជាងពាក់កណ្តាលនៃការនាំចូលរបស់សហរដ្ឋអាមេរិក ប៉ុន្តែនៅតែជាទីផ្សារនាំចេញទី៣ របស់វៀតណាម ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ផងដែរ។

ការស្ទង់មតិមួយបានរកឃើញថា ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកនៅវៀតណាម ពឹងផ្អែកលើការនាំចេញទៅកាន់អាមេរិកច្រើនជាងគូប្រជែងនៅអឺរ៉ុប ហើយរំពឹងថានឹងមានការកាត់បន្ថយកម្លាំងពលកម្ម ប្រសិនបើលោក Trump ដំឡើងពន្ធ។

សេណារីយ៉ូនោះ ទោះបីជាជាលទ្ធផលដែលមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ជាការផ្លាស់ប្តូរមហន្តរាយនៅក្នុងពាណិជ្ជកម្មសកលក៏ដោយ ប៉ុន្តែអាចនាំឱ្យមានការនាំចេញរបស់វៀតណាមកាន់តែច្រើនទៅកាន់សហភាពអឺរ៉ុប ហើយអាចជួយសម្រួលដល់ការវិនិយោគនៅក្នុងប្រទេសវៀតណាមដោយក្រុមហ៊ុនអឺរ៉ុបទៀតផង៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters