លោក Donald Trump បានប្រកាសក្ដែងៗថា កាណាដា និងម៉ិកស៊ិក មិនអាចរួចខ្លួនឡើយ ចំពោះផែនការទារពន្ធរបស់លោកក្រោយពន្យារពេលអស់ ៣០ថ្ងៃ ពោលរដ្ឋបាលប្រធានាធិបតីអាមេរិក នឹងចាប់ផ្ដើមអនុវត្តវិធានការទារពន្ធបន្ថែម ២៥% ចំពោះទំនិញនាំចូលពីប្រទេសទាំង២ ខាងលើ ចាប់ពីថ្ងៃទី០៤ ខែមីនាតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


ជាការឆ្លើយតបនឹងការទារពន្ធពីអាមេរិក នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក៏បានប្រកាសកាលពីថ្ងៃចន្ទ ទី០៣ ខែមីនាថា រដ្ឋបាលរបស់លោក ក៏កំពុងត្រៀមអនុវត្តវិធានការតំឡើងពន្ធ២៥% ដូចគ្នា សម្រាប់ទំនិញនាំចូលពីអាមេរិក សរុបជាទឹកប្រាក់ ១៥៥ពាន់លានដុល្លារកាណាដា ឬប្រហែល ១០៧ពាន់លានដុល្លារអាមេរិក។
លោក Trudeau បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលនឹងចាប់ផ្ដើមការទារពន្ធ ២៥% ចំពោះទំនិញសរុបតម្លៃ ៣០ពាន់លានដុល្លារកាណាដា ពីថ្ងៃទី០៤ ខែមីនាតទៅ ខណៈទំនិញតម្លៃ ១២៥ពាន់លានដុល្លារកាណាដាទៀត នឹងត្រូវចូលជាធរមានរយៈពេល ២១ថ្ងៃបន្ទាប់។

មេដឹកនាំកាណាដារូបនេះបានសង្កត់ធ្ងន់ទៀតថា «ផែនការទារពន្ធរបស់យើង នឹងនៅតែបន្តអនុវត្ត រហូតដល់ភាគីអាមេរិកបញ្ឈប់ទារពន្ធគយពីយើង។ ពួកយើងកំពុងពិភាក្សាយ៉ាងសកម្ម ជាមួយខេត្តផ្សេងៗដើម្បីបន្តវិធានការមិនអនុគ្រោះពន្ធមួយចំនួន»៕
អត្ថបទ៖ Luffy រូបភាព៖ AP/ Los Angeles Times