អាជ្ញាធរនៃប្រទេសចិនបានប្រកាសប្រាប់សហគ្រិនជាន់ខ្ពស់កំពុងរកស៊ី និងអ្នកស្រាវជ្រាវក្នុងវិស័យបច្ចេកវិទ្យា AI ដែលកំពុងមានការរីកស្គុះស្គាយខ្លាំង ឲ្យផ្អាកការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក បើសិនជាមិនមានការចាំបាច់បន្ទាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal។


អាជ្ញាធរចិនបានបញ្ជាក់ថា ការហាមឃាត់សហគ្រិន AI ក្នុងការធ្វើដំណើរទៅអាមេរិក គឺដើម្បីជៀសវាងការបែកធ្លាយព័ត៌មានសម្ងាត់ ស្ដីពីវឌ្ឍនភាពរបស់ប្រទេសចិនអំពីការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដ្បិតបច្ចុប្បន្នអាមេរិក និងចិន កំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងវិស័យមួយនេះ។
បន្ថែមពីនោះ ក្រុមអាជ្ញាធរចិនក៏បានបង្ហាញក្ដីបារម្ភចំពោះសុវត្ថិភាព របស់ធុរកិច្ចជនជាន់ខ្ពស់ចិនផងដែរដោយបារម្ភថា ពួកគេអាចនឹងត្រូវឃុំខ្លួន និងត្រូវចាត់ទុកជាចំណាប់ខ្មាំង ដើម្បីជាឈ្នាន់ចរចាចំពោះសង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិក ដែលកំពុងប្រឈមនឹងការផ្ទុះឡើង។
គួររំលឹកបន្តិចថា កាលពីអាណត្តិដំបូងរបស់លោក Donald Trump ក្នុងនាមជាប្រធានាធិបតីអាមេរិក លោកបានស្នើឲ្យរដ្ឋាភិបាលកាណាដា ឃាត់ខ្លួនថ្នាក់ដឹកនាំក្រុមហ៊ុនកំពូលចិន Huawei ម្នាក់ ដែលកាលនោះបានបង្កាត់ភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក អស់ពេលជាច្រើនឆ្នាំ។
សូមជម្រាបបន្ថែមថា ក្រោយអាជ្ញាធរចិនចេញសេចក្ដីប្រកាសខាងលើ ធុរកិច្ចជនដែលរកស៊ីក្នុងវិស័យ AI ជាច្រើនរូបបានលុបចោលការធ្វើដំណើរទៅអាមេរិក ហើយបើសិនជាបុគ្គលខ្លះមានការចាំបាច់ត្រូវតែទៅទីនោះ គឺតម្រូវឲ្យប្រាប់អាជ្ញាធរពីផែនការធ្វើដំណើររបស់ពួកគេ មុនចាកចេញពីប្រទេស និងពេលត្រឡប់មកវិញ ត្រូវរាយការណ៍ថា ពេលនៅអាមេរិកពួកគេធ្វើអ្វីខ្លះ និងបានជួបអ្នកណាខ្លះ៕
អត្ថបទ៖ Luffy រូបភាព៖ SCMP