កូនប្រុសសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ លុត​ជង្គង់សុំបុត្រីសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ រៀបការ

ជា​រឿង​ដ៏​គួរឲ្យ​រំភើប​ និងភ្ញាក់ផ្អើលពេញ​បណ្ដាញ​សង្គម ពេល​ដែល​លោក អ៊ឹង ស៊ីវឈន់ CEO រូប​សង្ហា​​ក្រុមហ៊ុន​ ដូនពេញ ​ត្រេឌីង ឯ.ក ត្រូវជា​កូនប្រុស​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ បាន​ធ្វើ Proposal សុំ​គូស្នេហ៍​រៀបការ ហើយ​មិត្ត​ស្រី​លោក​គឺជា​បុត្រី​ក្នុង​សែរាជវង្សម្នាក់។

តាមដានជាមួយយើង៖ Million Times

​អគ្គនាយក​ប្រតិបត្តិ​ទឹក​ស្រ្ពីង​ប្រូវីដា បាន​លុតជង្គង់​សុំ​បុត្រី​សម្ដេច​ក្រុមព្រះ នរោត្តម ច័ក្រពង្ស់ គឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា រៀបការ​យ៉ាង​រ៉ូមែនទិក ហើយ​ក៏​មាន​ការ​ចូលរួម​ពី​សាច់សាលោហិត​រាជវង្ស និង​បងប្អូន​មិត្តភ័ក្ដិ​ខាង​លោក​ជាច្រើន បង្ក​បរិយាកាស​កាន់តែ​ស្រស់​បំព្រង​មួយ​កម្រិត​ទៀត។

សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ក៏​បាន​យាង​ទៅ​ចូលរួម surprises បុត្រី ហើយ​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ និង​ភរិយា​ក៏​សុទ្ធ​តែ​បាន​បង្ហាញ​វត្តមាន ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ​ក្រៃលែង។ ចំណែក​សាមី​ខ្លួន​ទាំង​ពីរ គឺ អ៊ឹង ស៊ីវឈន់ និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ពិតជា​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ឡើយ។

សម្រាប់​កន្លែង​ប្រារព្ធ​កម្មវិធី​វិញ ពិតជា​រៀបចំ​តុបតែង​បាន​ស្រស់​ស្អាត ប្រណិត ស័ក្ដិសម​ខ្លាំង​ដល់​គ្រួសារ​រាជវង្ស និង​គ្រួសារ​សេដ្ឋី។ បើ​ទោះ​ជា​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា មិន​បាន​ត្រៀម​ខ្លួន​អ្វី​ច្រើន​ក៏​ពិត​មែន តែ​ទ្រង់​នៅតែ​ស្រស់​ស្អាត ឫកពា​ថ្លៃថ្នូរ​ដដែល វង់ភក្ត្រ ស្រទន់​មាន​មន្ត​ស្នេហ៍ សម​ជា​សែ​រាជវង្ស។

ម្ចាស់​ទឹក​ស្រ្ពីង​ប្រូវីដា និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា នឹង​រៀប​មង្គលការ​ក្នុង​ឆ្នាំ​នេះ​ដែរ ក្រោយ​ទាក់ទង​មើល​ចិត្ត​មើល​ថ្លើម​គ្នា​ជាយូរ​ខែ​ឆ្នាំ​មក​ហើយ​នោះ៕

អត្ថបទ៖មេរ៉ា, រូបភាព៖ Seav Chhuon Ing និង FAST films&photography