ចាប់តាំងពីបើកទំព័រឆ្នាំ២០២៥ មកទល់ពេលនេះ មហាសេដ្ឋី Elon Musk បានបាត់បង់ទ្រព្យសម្បត្តិអស់ ៥២ពាន់លានដុល្លារ រយៈពេល ២ខែដំបូងក្នុងឆ្នាំថ្មី ប៉ុន្តែតំណែងជាមនុស្សកំពូលលុយមានទ្រព្យច្រើនដាច់គេ នៅតែស្ថិតក្នុងកណ្ដាប់ដៃលោកដដែល។


យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានឲ្យដឹងថា តម្លៃហ៊ុនរបស់ Tesla បានបន្តដាំក្បាលចុះតាំងពីពាក់កណ្ដាលខែធ្នូ មកទល់បច្ចុប្បន្ន ដោយបានធ្លាក់តម្លៃជិត ៤០% ពីតម្លៃខ្ពស់បំផុតជាង ៤៧៩ដុល្លារក្នុងមួយហ៊ុន មកនៅត្រឹមជាង ២៩០ដុល្លារក្នុងមួយហ៊ុន គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ការធ្លាក់ចុះនៃតម្លៃហ៊ុននេះផងដែរ ក៏បណ្ដាលឲ្យក្រុមហ៊ុន Tesla រងការខាតបង់មិនស្ទើរ ដោយតម្លៃមូលធនទីផ្សាររបស់ខ្លួន បានធ្លាក់ពីចំនួនជាង ១ទ្រីលានដុល្លារ មកនៅត្រឹម ៩៣៥ពពាន់លានដុល្លារ និងខ្ទាតចេញពីបញ្ជី Top 10 ក្នុងតារាងក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកថែមទៀត។
បើទោះជា Elon Musk របូតលុយអស់ច្រើនសម្បើមបែបនេះក្ដី ប៉ុន្តែលោកនៅអាចរក្សាតំណែង ជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកដដែល ដោយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានចំនួនសរុប ៣៨០ពាន់លានដុល្លារ ច្រើនជាង ១៤៤ពាន់លានដុល្លារ បើប្រៀបធៀបនឹងមហាសេដ្ឋីមានលុយច្រើនបំផុតលើលោកទី២ ស្ថាបនិកក្រុមហ៊ុន Meta Platforms លោក Mark Zuckerberg។ នេះបើតាមការបញ្ជាក់ពីគេហទំព័រ Bloomberg៕
អត្ថបទ៖ Luffy រូបភាព៖ CNN