រដ្ឋមន្ត្រី អ៊ាង សុផល្លែត បញ្ជាក់ជំហរពន្លឿនការវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រឹម ១សប្តាហ៍របស់ក្រុមហ៊ុនអាជីវកម្មខ្សាច់

ឆ្លើយតបទៅនឹងភាពយឺតយ៉ាវក្នុងដំណើរការចុះកិច្ចសន្យាលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននាពេលកន្លងមករបស់ក្រុមហ៊ុនស្នើសុំវិនិយោគអាជីវកម្មខ្សាច់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ជំហរពន្លឿនបញ្ហានេះឱ្យឆាប់រហ័ស ដោយចាប់ពីឆ្នាំនេះតទៅ ត្រូវធ្វើឡើងក្នុងរយៈពេលតែ ១សប្តាហ៍ប៉ុណ្ណោះ។

លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា «ជាការពិតមានការយឺតយ៉ាង និងមានការលឿន។ ខ្ញុំបានដាក់គោលការណ៍ចេញថ្មីៗនេះហើយ ប្រហែលជាខែមុន។ ការចុះកិច្ចសន្យា ខ្ញុំមិនឱ្យលើសពី១សប្តាហ៍ទេ។ កិច្ចសន្យាហ្នឹង១សប្តាហ៍ចេញជូន ប៉ុន្តែក្រុមហ៊ុនត្រូវអនុវត្តតាមគោលការណ៍ដែលដាក់ចេញដោយក្រសួងបរិស្ថាន។ កិច្ចសន្យាយើងមានគោលការណ៍របស់យើង គឺត្រូវធ្វើនេះ ធ្វើនេះខ្ញុំស៊ីញ៉េជូនក្រុមហ៊ុនត្រូវធ្វើតាម»។

តាមដានជាមួយយើង៖ Million Times

លោកបានពន្យល់ថា ការវាយតម្លៃហេតុ ប៉ះពាល់បរិស្ថានមាន ៣ កម្រិត គឺទី១៖ ការចុះកិច្ចសន្យាជាមួយគ្នា ទី២៖ ការ វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន «បឋម» និងទី៣៖ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន «ពេញលេញ»។ ការលើកឡើងពន្យល់ពីលោក អ៊ាង សុផល្លែត ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកថ្លែងបញ្ជាក់ថា៖ «ការយឺតយ៉ាវ ជូនកាលក្នុង១សប្តាហ៍ ក្រុមហ៊ុនគ្រាន់តែគាត់ផ្ញើឯកសារពីប្រទេសគាត់មកខ្មែរ វាមិនទាន់ទេ។ អញ្ជឹងការយឺតយ៉ាវហ្នឹងសួរថា មកពីក្រសួងបរិស្ថាន ឬមកពីគាត់? វាមានទាំង២ ដៃទះ ដៃទាំង២បានឮ។ អ៊ឹចឹងងទេ ចំពោះក្រសួងបរិស្ថាន តាមគោលការណ៍ថ្មីរបស់យើង គឺ១សប្តាហ៍ បើមានឯកសារគ្រប់គ្រាន់មក ត្រូវតែចេញ។ បើមិនគ្រប់គ្រាន់ទេសុំទោស ខ្ញុំធ្វើវាមិនកើត»។

លោកបានបន្ថែមថា ចំពោះការវាយតម្លៃហេតុប៉ះពាល់បរិស្ថានបឋម នឹងត្រូវចេញជូនក្រុមហ៊ុនក្នុងរយៈពេលយ៉ាងយូរបំផុត ៣ខែ ប្រសិនបើមានឯកសារគ្រប់គ្រាន់ និងគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង។

លោកបានគូសបញ្ជាក់ថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសំខាន់ណាស់។ បើសិនណាយើងធ្វើអ្វីមួយ ដោយមិនបានវាយតម្លៃផលប៉ះពាល់បរិស្ថានទេ យើងមិនដឹងថាតើ អ្វីដែលយើងធ្វើនឹងប៉ះពាល់ដល់បរិស្ថានបែបណានោះទេ។ ក្រោយពេលដែលសិក្សាឃើញហើយ នោះក្រសួងនឹងណែនាំឱ្យក្រុមហ៊ុនវិនិយោគនោះ ធ្វើយ៉ាងណា ដើម្បីបញ្ចៀសឱ្យខាងតែបានលើផលប៉ះពាល់ទាំងនោះ ដើម្បីកុំឱ្យផលប៉ះពាល់ទាំងនោះនាំទៅដល់ផលវិបាកដល់សង្គមផង និងដល់សុខភាពប្រជាពលរដ្ឋផង។

លោកថ្លែងបញ្ជាក់បន្ថែមថា «អ្វីដែលសំខាន់ជាងហ្នឹងទៀតនោះ គឺចង់ធានាឱ្យបាននូវការវិនិយោគមួយ ដែលនាំមកនូវចីរភាពទាំងការវិនិយោគ ទាំងការងារដែលប្រជាជនទទួលបានពីការវិនិយោគហ្នឹងផង។ យើងអត់ចង់បានទេ នូវការវិនិយោគមួយ ដែលនាំឱ្យបំពុលបរិស្ថានហើយគ្មានចីរភាព សម្រាប់សង្គមយើង សម្រាប់សេដ្ឋកិច្ចកម្ពុជាយើង»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងបរិស្ថាន