Elon Musk នឹងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង ជាមួយរដ្ឋបាលលោក Trump

នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ប្រធានាធិបតី Donald Trump នឹងគាស់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង តាំងពីលោកឡើងអង្គុយកៅអីមេដឹកនាំអាមេរិកកាលពីខែមុន ដោយក្នុងនោះក៏មានវត្តមានរបស់កំពូលមហាសេដ្ឋី Elon Musk ផងដែរ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងរបស់លោក Trump ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តរបៀបវារៈរបស់លោក ជាមួយរដ្ឋមន្ត្រីនានា ដែលត្រូវបានទទួលស្គាល់ពីសភា។

បើទោះជាបច្ចុប្បន្ន សមាជិកសភាមួយចំនួនកំពុងជំទាស់ជាមួយសមាសភាពរបស់លោក Elon Musk ក្នុងតំណែងជានាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE តែមនុស្សកំពូលលុយរូបនេះ នៅតែអាចបង្ហាញវត្តមានក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយសារការបើកដៃពីលោក Trump ដោយអះអាងថា Musk កំពុងព្យាយាមកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដូច្នេះគេមានសិទ្ធក្នុងការចូលរួមកិច្ចប្រជុំ។

អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានបង្ហើបប្រាប់ថា ក្នុងកិច្ចប្រជុំមួយនោះ លោក Musk នឹងពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងរបស់ DOGE និងបង្ហាញពីរបៀបដែលរដ្ឋមន្ត្រីនីមួយៗ អាចកំណត់នូវអត្តសញ្ញាណបុគ្គលិកគ្មានបានការ ការឆបោក និងការរំលោភបំពាននៅតាមស្ថាប័នរៀងៗខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ Mirror