ចាប់តាំងពីប្រេន Bvlgari មើលឃើញកម្ពុជា ជាទីតាំងរៀបចំ Gala Dinner នោះបង្ហាញពីការយល់ច្បាស់ពីទីផ្សារនៅទីនេះ កំណើនសេដ្ឋកិច្ច និងបញ្ហាសន្តិសុខល្អ ទើបធ្វើឲ្យយីហោគ្រឿងអលង្ការដ៏ប្រណិតលំដាប់ពិភពលោកងាកមករៀបចំ ទាំងកម្ពុជាមិនទាន់មានហាង Bvlgari។



ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry មិនត្រឹមតែធ្វើឲ្យកម្ពុជាអាចបង្ហាញពីវប្បធម៌សម្បូរបែបដូចជាប្រាសាទបុរាណ ម្ហូបអាហារ របាំ ទៅកាន់អន្តរជាតិបានឡើយ ហើយក៏ធ្វើឲ្យអ្នកទេសចរណ៍បានស្គាល់កាន់តែច្បាស់ពីតំបន់ទេសចរប្រវត្តិសាស្រ្ត ពិសេសតំបន់អង្គរខេត្តសៀមរាបកាន់តែទូលំទូលាយជាងមុនយ៉ាងមានទំនុកចុត្ត ព្រោះថាប្រេន Bvlgari គឺជាម៉ាកដ៏ល្បីល្បាញខ្លាំង ជើងឈរជាង១០០ ឆ្នាំមកហើយ និងទទួលបានការគាំទ្រជុំវិញពិភពលោក។
សម្រាប់ Bvlgari មិនទាន់មានបើកហាងនៅខ្មែរឡើយ តែកម្ពុជាមានកញ្ញា ស៊ីន យូប៊ីន ដែលជា Friend of the House ម្នាក់ ក្នុងចំណោម Friend of the House ជាច្រើនរបស់ប្រេនដ៏អស្ចារ្យនៃប្រទេសអ៊ីតាលីនេះ ក្នុងការប្រម៉ូតផលិតផលមានតម្លៃទៅកាន់អតិថិជន។


ដោយមើលឃើញពីសក្តានុពលនៃ Friend of the House ដែលមាននៅកម្ពុជាស្រាប់ ហើយប្រជាជនកម្ពុជាក៏ជាអតិថិជនស្រាប់ ដូច្នេះហើយការរៀបចំនៅគ្រានេះ ពិតជាបានផ្ដល់ផលចំណេញរៀងខ្លួនទាំងខាងម្ចាស់ផ្ទះ និងផលិតផលគ្រឿងអលង្ការ Bvlgari។
បើតាមការបង្ហើបពីប្រភពមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា ការដែល Bvlgari ជ្រើសរើសមករៀបចំ Bvlgari Aeterna Event នៅកម្ពុជា ព្រោះជាការសាកល្បងទីផ្សារ និងសង្កេតមើលពីអតិថិជនខ្លួនដែលមានស្រាប់ និងទាក់ទាញអតិថិជនថ្មីៗបន្ថែមទៀត។
ដើម្បីឲ្យកម្មវិធីកាន់តែរលូនរាជរដ្ឋាភិបាល ក៏បានជួយសម្រួលផ្នែកមួយចំនួន ធ្វើឲ្យ CEO របស់ Bvlgari រំភើបចិត្ត ហើយពោលសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ។ មិនតែប៉ុណ្ណោះ Jc Babin ដែលជានាយកប្រតិបត្តិ Bvlgari Group ជាប់ចិត្តនឹងភាពអស្ចារ្យនៃដែនដីកម្ពុជា ពិសេសគឺប្រាសាទខ្មែរដ៏ពិសិដ្ឋ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Jc Babin