អ្នកជំនួញជប៉ុនមួយក្រុមរៀបផែនការអូសទាញ Tesla មកបណ្ដាក់ទុនជាមួយក្រុមហ៊ុន Nissan

កាលពីថ្ងៃទី២១ ខែកុម្ភៈ សារព័ត៌មាន Financial Times បានចុះផ្សាយថា មានក្រុមអ្នកជំនួញខ្នាតយក្សជនជាតិជប៉ុនមួយក្រុម ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Yoshihide Suga បានរៀបចំផែនការ ដើម្បីអូសទាញឲ្យក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk មកបណ្ដាក់ទុនរកស៊ីជាមួយក្រុមហ៊ុន Nissan។

តាមដានជាមួយយើង៖ Million Times

កាសែត FT បានអះអាងទៀតថា ក្រុមអ្នកជំនួញជប៉ុនបង្ហាញពីផែនការមួយនេះ ក្នុងគោលបំណងចង់ឲ្យក្រុមហ៊ុន Tesla ក្លាយជាវិនិយោគិនយុទ្ធសាស្ត្រមួយនៅជប៉ុន ខណៈពួកគេអះអាងថា Tesla កំពុងព្យាយាមចង់ទិញរោងចក្រក្រុមហ៊ុនរថយន្ត Nissan នៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា អ្នកវិភាគទីផ្សារមួយចំនួនបានបង្ហាញទស្សនៈថា Tesla ទំនងមិនទិញរោងចក្រ Nissan នៅអាមេរិកឡើយ ដោយសារចំនួនរោងចក្រផលិតរថយន្តរបស់ Tesla មានច្រើនស្រាប់ ហើយការនាំចេញរបស់ខ្លួនក៏ធ្លាក់ចុះខ្លាំងកាលពីឆ្នាំទៅថែមទៀត។

កត្តាមួយទៀតដែលក្រុមអ្នកវិភាគជឿជាក់យ៉ាងមុតមាំថា Tesla នឹងមិនពង្រីករោងចក្រផលិតរថយន្ត គឺដោយសារវិធានការទារពន្ធគយរថយន្ត របស់ប្រធានាធិបតី Donald Trump ដែលគ្រោងដាក់ឲ្យអនុវត្តនាពេលឆាប់ៗខាងមុខ៕

អត្ថបទ៖ Luffy រូបភាព៖ FT/ Daily Sabah