លេខាទី២នៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនលោក Zhang Yuntao បានឲ្យនឹងពីនីតិវិធីមួយចំនួន ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅចូលទីផ្សារចិន ដែលម្ចាស់ក្រុមហ៊ុនគួរតែដឹង។


លោក Zhang Yuntao បានលើកឡើងពីកិច្ចសហប្រតិបត្តិការនាំកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារចិនក្នុងសិក្ខាសាលា ស្ដីពីលក្ខខណ្ឌតម្រូវ និងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ។ អ្នកតំណាងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មចិនរូបនេះបានបន្តថា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ចូលទៅទីផ្សារចិន ត្រូវប្រតិបត្តិតាមនីតិវិធីដូចជា៖
ជំហានទី១ ក្រុមហ៊ុននាំចេញត្រូវតែចុះបញ្ជីការ និងរោងចក្រវេចខ្ចប់របស់ខ្លួន នៅអគ្គនាយកដ្ឋានគយចិន ដើម្បីធានាថា ផលិតផលរបស់ខ្លួនសមស្របនឹងស្តង់ដារអធិការកិច្ចចិន។
ជំហានទី២ គឺការរៀបចំឯកសារ រួមទាំងវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ ហើយត្រូវយកចិត្ត ទុកដាក់លើការគ្រប់គ្រងកូតា ផលិតផលមួយចំនួន និងវិញ្ញាបនបត្រអធិការកិច្ច (ដូចជាអង្ករ) ត្រូវដាក់ពាក្យ សុំវិញ្ញាបនបត្រកូតាពន្ធគយរបស់ប្រទេសចិន ហើយពន្ធគយក្នុងកូតាមានកម្រិតទាបរហូតដល់ ១ ភាគរយ។
ជំហានទី៣ គឺការបោស សំអាត ដើម្បីឆ្លងកាត់គយ បន្ទាប់ពីទំនិញមកដល់កំពង់ផែចិន ត្រូវដាក់ឯកសារដូចជា ទម្រង់បែបបទគយ វិក្កយបត្រ បញ្ជីវេចខ្ចប់។


ក្រៅពីនេះសហគ្រាសទាំងអស់គួរយកចិត្តទុកដាក់បញ្ជីចូលប្រើប្រាស់ក្នុងទីផ្សារ និងស្តង់ដារអធិការកិច្ចថ្មីៗនៃអគ្គនាយកដ្ឋានគយប្រទេសចិន ដោយត្រូវពង្រឹងការគ្រប់គ្រងគុណភាព យោងតាមពង្រឹងការបង្ការ និងកម្ចាត់សត្វល្អិត និងជំងឺ ព្រមទាំងការគ្រប់គ្រង សំណល់ថ្នាំសម្លាប់សត្វល្អិត ដើម្បីជៀសវាងកុំឲ្យមានការបដិសេធមិនឲ្យចូល។
មិនទាន់អស់ឡើយ ដោយក្រុមហ៊ុននានាត្រូវពឹងផ្អែកលើភាគលាភ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដូចជា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីកាត់បន្ថយថ្លៃដើមពន្ធគយ និងពង្រីកសក្ដានុពលទីផ្សារ។ ជាងនេះទៀត ម្ចាស់ក្រុមហ៊ុនត្រូវស្វែងរកវិធីអាជីវកម្មថ្មីៗ ដើម្បីលក់កសិផលខ្លួនដល់អតិថិជនចិនដោយផ្ទាល់ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដើម្បីកាត់បន្ថយខ្សែច្រវាក់ផ្គត់ផ្គង់ឲ្យកាន់តែខ្លី និងបង្កើនប្រាក់ចំណេញ៕
អត្ថបទ. មេរ៉ា, រូបភាព៖សភាពាណិជ្ជកម្មកម្ពុជា