របាយការណ៍ពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) បានបញ្ចេញរបាយការណ៍ ស្ដីពីការនាំចេញផ្លែទុរេនទៅប្រទេសចិន មានការដាំក្បាលចុះជាខ្លាំង រហូតដល់ ៨០% នៅពាក់កណ្ដាលនៃខែកុម្ភៈនេះ។


តាមរយៈការចុះផ្សាយពីសារព័ត៌មាន VNExpress បានឲ្យដឹងថា រយៈពេលកន្លះខែមកនេះ វៀតណាមនាំចេញទុរេនទៅប្រទេសចិន បានត្រឹម ៣ ៥០០តោន ថយចុះប្រហែល ៨០% បន្ទាប់ពីអាជ្ញាធរចិន រឹតបន្តឹងវិធានការត្រួតពិនិត្យសារធាតុគីមី ដែលមានក្នុងផ្លែឈើនាំចូល។
ចាប់តាំងពីចូលដល់ឆ្នាំ២០២៥ អាជ្ញាធរចិនបានរឹតបន្តឹងខ្លាំង ចំពោះការត្រួតពិនិត្យផ្លែឈើនាំចូលប្រទេសខ្លួន ជាពិសេសផ្លែទុរេនដែលនាំចូលពីប្រទេសថៃ ក្រោយរកឃើញថា ទុរេននាំចូលពីប្រទេសនេះ មានផ្ទុកសារធាតុ BY2 ដែលអាចរក្សាសាច់ទុរេន ឲ្យមានពណ៌លឿងស្អាត និងឆាប់ទុំ។
សូមជម្រាបដែរថា វៀតណាម និងថៃ គឺជាទីផ្សារនាំចូលផ្លែទុរេនធំបំផុតរបស់ប្រទេសចិន ដោយក្នុងមួយឆ្នាំៗ មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក ចាយលុយរាប់សិបពាន់លានដុល្លារ ដើម្បីទិញផ្លែឈើមួយប្រភេទនេះ។
ប៉ុន្តែក្រោយរកឃើញថា ទុរេនពីប្រទេសថៃ មានផ្ទុកសារធាតុគីមីអាចធ្វើឲ្យប្រជាជនខ្លួន ប្រឈមបញ្ហាសុខភាព ពួកគេក៏ចាប់ផ្ដើមរឹតបន្តឹងវិធានការត្រួតពិនិត្យ ដែលបានធ្វើឲ្យក្រុមហ៊ុននាំចេញទុរេនពីប្រទេសថៃ និងវៀតណាម ជួបប្រទះភាពកកស្ទះ និងខាតបង់ទឹកប្រាក់ជាច្រើន៕
អត្ថបទ៖ Luffy រូបភាព៖ TTXVN