រោងចក្រអាមេរិកនៅវៀតណាម បានព្យាករជម្រុះបុគ្គលិកជាច្រើន ដោយសារវិធានការពន្ធរបស់ Trump

កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ សភាពាណិជ្ជកម្មអាមេរិកបានធ្វើការស្រង់មតិ និងបង្ហាញថា ក្រុមហ៊ុនអាមេរិកដែលកំពុងរកស៊ីនៅវៀតណាម ទំនងធ្វើការជម្រុះបុគ្គលិកទ្រង់ទ្រាយធំ បន្ទាប់ពីរដ្ឋបាលប្រធានាធិបតី Donald Trump ដាក់ចេញនូវវិធានការទារពន្ធគយមិនសំចៃដៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ការស្ទង់មតិពីថ្ងៃទី០៤ ដល់ថ្ងៃទី១១ ខែកុម្ភៈបានបង្ហាញថា ក្រោយលោក Trump ចុះហត្ថលេខា ទារពន្ធគយបន្ថែម ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូម គួបផ្សំនឹងពន្ធនាំចូលរថយន្ត និងបន្ទះឈីបថែមទៀត ធ្វើឲ្យក្រុមហ៊ុនអាមេរិករកស៊ីនៅក្រៅប្រទេស កំពុងជួបវិបត្តិជាខ្លាំង និងអាចឈានដល់ការផ្អាកប្រតិបត្តិការមួយរយៈថែមទៀត។

ការណ៍នេះក៏ទំនងធ្វើឲ្យវៀតណាម ប្រឈមនឹងវិបត្តិធ្ងន់ធ្ងរមួយផងដែរ ពោលការបណ្ដាក់ទុនពីបរទេសនៅប្រទេសមួយនេះ មានទំហំប្រហែល ៥០០ពាន់លានដុល្លារ ហើយ ៦០% គឺរកស៊ីលើវិស័យឧស្សាហកម្ម។ នេះមានន័យថា បើសិនជាក្រុមហ៊ុនបរទេសទាំងនោះ ផ្អាកប្រតិបត្តិការបណ្ដោះអាសន្ន ដោយសារបញ្ហាពន្ធគយពីអាមេរិក វៀតណាមក៏ប្រឈមនឹងការកកស្ទះសង្វាក់ផលិតកម្ម ក៏ដូចជាស្ទះលំហូរសាច់ប្រាក់ក្នុងស្រុកដូចគ្នា។

គួរជម្រាបដែរថា ក្រុមហ៊ុនអាមេរិកនៅវៀតណាមជាច្រើនបានបង្ហាញក្ដីបារម្ភថា ការតំឡើងថ្លៃទំនិញ ដោយសារវិធានការពន្ធគយរបស់ប្រធានាធិបតី Donald Trump នឹងធ្វើឲ្យខូចខាតដល់សង្វាក់ផ្គត់ផ្គង់បច្ចុប្បន្ន ដែលតម្រូវឲ្យពួកគេត្រូវបង្ខំចិត្តផ្អាកប្រតិបត្តិការបណ្ដោះអាសន្ន ដើម្បីរង់ចាំមើលការជួយសម្រួលពីរដ្ឋាភិបាលវៀតណាម៕

អត្ថបទ៖ Luffy រូបភាព៖ Reuters