ប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ក្នុងគោលបំណងកាត់ផ្ដាច់ផលប្រយោជន៍ ដែលសហព័ន្ធធ្លាប់បានផ្ដល់ជូនជនអន្តោប្រវេសន៍ខុសច្បាប់ រស់នៅលើទឹកដីសហរដ្ឋអាមេរិក។


ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា បទបញ្ជាដែលចេញដោយសេតវិមាននោះ គឺតម្រូវឲ្យសហព័ន្ធកាត់ផ្ដាច់រាល់ផលប្រយោជន៍នានា ដែលបានមកពីថវិកាបង់ពន្ធរបស់ប្រជាជនអាមេរិក និងយកទៅប្រើប្រាស់សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ សំងំរស់នៅលើកម្លាំងញើសឈាមប្រជាជនខ្លួន។
សូមជម្រាបដែរថា គោលនយោបាយលុបបំបាត់ជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក នៅតែជាអាទិភាពសំខាន់ របស់រដ្ឋបាលប្រធានាធិបតី Donald Trump ដែលលោកធ្លាប់អះអាងថា នឹងសម្រេចឲ្យបាននៅក្នុងអាណត្តិមួយនេះ។
លោក Trump ធ្លាប់បញ្ជាក់ម្ដងហើយម្ដងទៀតថា បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក គឺជាបញ្ហាចំបងមួយ ដែលធ្វើឲ្យជនជាតិអាមេរិកបាត់បង់ប្រភពចំណូល ដូចជាបាត់បង់ឱកាសការងារ និងធ្វើឲ្យកើតមានអស្ថិរភាពសន្តិសុខជាដើម៕
អត្ថបទ៖ Luffy រូបភាព៖ NPR