ទូតអ៉ីស្រាអែល សម្រេចតែងតាំង CEO ក្រុមហ៊ុនវិរៈ ប៊ុនថាំអេចប្រេស ជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអេចប្រេស ត្រូវបានតែងតាំងជា «កុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា» ដើម្បីរួមចំណែកក្នុងការជួយជំរុញចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលបានប្រកាសជាផ្លូវការនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់អ្នកឧកញ៉ា សួរ វីរៈ ដែលត្រូវបានឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា សម្រេចតែងតាំងជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា និងបានជំរុញឱ្យខិតខំពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសចូលរួមក្នុងការជួយជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរតែម្តង។

លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៉ីស្រាអែលប្រចាំកម្ពុជា បានលើកឡើងថា ក្នុងនាមប្រទេស និងប្រជាជនអ៉ីស្រាអែល សូមចូលរួមអបអរ និងអរគុណដល់អ្នកឧកញ៉ា សួរ វីរៈ ដែលបានផ្តល់កិត្តិយសទទួលយកការតែងតាំងជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ហើយលោកស្រីក៏បានរំពឹងខ្ពស់ផងដែរថា តាមរយៈតួនាទីនេះនឹងចូលរួមចំណែកក្នុងជួយដល់ការជំរុញនូវកំណើនភ្ញៀវទេសចរឱ្យបានកាន់តែច្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរផងដែរ។

នៅក្នុងឱកាសោះ អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងនូវការប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់ក្នុងនាមជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ហើយគោរពគោលបំណងនៃការតែងតាំងនេះដើម្បីការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ និងការកសាងអនាគតដោយផ្អែកលើកិច្ចសហការ ការច្នៃប្រឌិត ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសកម្ពុជា និងអុីស្រាអែល រួមទាំងការចែករំលែកក្នុងវិស័យអប់រំ និងវប្បធម៌ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងចំណងមិត្តភាពដើម្បីសម្រេចឱ្យបាននូវគោលបំណងរួមគ្នារបស់ប្រទេសជាតិទាំងពីរ ។

អ្នកឧកញ៉ា សួរ វីរៈ ជាពាណិជ្ជករខ្មែរដែលបានបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងដឹកជញ្ជូនដ៏ល្បីល្បាញជាច្រើនឆ្នាំមកហើយ។ ថ្មីៗ លោកក៏បានបោះជំហានអាជីវកម្មថ្មីមួយទៀតចូលក្នុងវិស័យកសិកម្មផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ សមាគមឧកញ៉ាកម្ពុជា