លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់អនុគណៈកម្មការវិនិយោគថ្នាក់ខេត្តត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលនីតិវិធីជាមួយអង្គភាពពាក់ព័ន្ធ ត្រូវពន្លឿនដំណើរការនៃស្នើសុំការវិនិយោគ ឲ្យប្រព្រឹត្តទៅបានរលូន និងមានភាពងាយស្រួល ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគក្នុងខេត្តបានកាន់តែច្រើនឡើង។
ការជំរុញដល់មន្រ្តីរបស់លោកធ្វើឡើងក្នុងពេលដឹកនាំកិច្ចប្រជុំកំណត់នីតិវិធីការងាររួមក្នុងក្របខ័ណ្ឌបំពេញភារកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការស្នើសុំវិនិយោគ និងទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនចូលមកវិនិយោគក្នុងខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។


លោក គួច ចំរើន បានបញ្ជាក់ថា ភារកិច្ចសំខាន់របស់យើងនៅពេលនេះ គឺត្រូវខិតខំធ្វើការងារនេះឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ប្រកបដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកមកស្នើសុំការវិនិយោគក្នុងខេត្តឲ្យបានកាន់តែងាយស្រួលឡើង ដើម្បីបង្កើតការងារឲ្យកាន់តែច្រើន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត។
យោងតាមរបាយការណ៍របស់អនុគណៈកម្មាធិការវិនិយោគខេត្តកណ្តាល បានឲ្យដឹងថា គម្រោងវិនិយោគ ក្នុងសមត្ថកិច្ចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឆ្នាំ២០២៤ មានសំណើគម្រោងបង្កើតរោងចក្រ សរុបចំនួន ៣៣រោងចក្រ។ ក្នុងឆ្នាំ២០២៥ មានសំណើគម្រោងបង្កើតរោងចក្រ សរុបចំនួន ៦រោងចក្រ។
ចំពោះគម្រោងវិនិយោគ ក្នុងសមត្ថកិច្ច អនុគណៈកម្មាធិការវិនិយោគខេត្តកណ្តាល ក្នុងឆ្នាំ២០២៤ មានសំណើគម្រោងបង្កើតរោងចក្រ សរុបចំនួន ០៧គម្រោង។ ក្នុងឆ្នាំ២០២៥ មានគម្រោងបង្កើតរោងចក្រសរុបចំនួន ០៥គម្រោង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តកណ្តាល