សិង្ហបុរីមានមហិច្ឆតាចាយលុយជិត ៤ពាន់លានដុល្លារ ពង្រីកអាកាសយានដ្ឋានអន្តរជាតិ Changi

ប្រទេសសិង្ហបុរី នឹងចាក់លុយបន្ថែម ៣,៧ពាន់លានដុល្លារ ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិ Changi ឲ្យកាន់តែធំជាងមុន និងមានទំនើបជាងមុន ដើម្បីរក្សាតំណែងជាមជ្ឈមណ្ឌលអាកាសចរណ៍លំដាប់ពិភពលោក។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា នាយករដ្ឋមន្ត្រី Lawrence Wong បានប្រកាសពីគម្រោងថ្មីនេះ នៅក្នុងសម័យប្រជុំស្ដីពីកញ្ចប់ចំណាយសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋាភិបាលសិង្ហបុរី។

គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ Changi នឹងផ្ដោតសំខាន់ លើការសាងសង់ស្ថានីយទី៥ ដើម្បីត្រៀមទទួលភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរមកកាន់ប្រទេសកូនខ្លាសេដ្ឋកិច្ចនៅអាស៊ីមួយនេះ។

គួររំលឹកបន្តិចថា គម្រោងសាងសង់ស្ថានីយទី៥ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi គឺត្រូវបានបង្ហើបដំបូងតាំងពីឆ្នាំ២០១៣ តែវាបានពន្យារពេលអស់ជាច្រើនឆ្នាំ ហើយទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលរដ្ឋាភិបាលដាក់កំហិតត្រូវតែធ្វើវាឲ្យបាន ដ្បិតកំណើនភ្ញៀវអន្តរជាតិក៏កំពុងមានសន្ទុះខ្លាំង។

គម្រោងពង្រីកអាកាសយានដ្ឋានមួយនេះ នឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ ជាមួយផែនការបញ្ចប់គម្រោងសាងសង់ និងដាក់ឲ្យប្រើប្រាស់នៅពាក់កណ្ដាលឆ្នាំ២០៣០។

សូមជម្រាបដែរថា ជារៀងរាល់ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិ Changi តែងតែជាប់លេខរៀង Top 3 ក្នុងបញ្ជីប្រលានយន្តហោះមានសេវាកម្មល្អបំផុត និងស្រស់ស្អាតដាច់គេលើពិភពលោក។ វាក៏ជាមជ្ឈមណ្ឌលអាកាសចរណ៍ពេញនិយមមួយក្នុងទ្វីបអាស៊ីផងដែរ ដោយមានក្រុមហ៊ុនអាកាសចរណ៍ច្រើនជាង ១០០ ធ្វើប្រតិបត្តិការនៅទីនោះ៕

អត្ថបទ៖ Luffy រូបភាព៖ AFP