កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ រដ្ឋបាលប្រធានាធិបតី Donald Trump បានដាក់ពាក្យស្នើសុំអន្តរាគមន៍ ពីតុលាការកំពូលអាមេរិក ជុំវិញការបណ្ដេញលោក Hampton Dellinger ចេញពីតំណែងជាប្រធានការិយាល័យទីប្រឹក្សាពិសេស។
សារព័ត៌មាន BBC បានចុះផ្សាយថា កាលពីដើមខែកុម្ភៈ លោក Hampton បានទទួលសារអេឡិចត្រូនិក ស្ដីពីការបញ្ចប់តំណែងរបស់លោក ហើយលោកបានប្ដឹងទៅកាន់តុលាការសហព័ន្ធ ជុំវិញបញ្ហាមួយនេះ។ តុលាការបានសម្រេចព្យួរការបញ្ចប់តំណែងរបស់លោក Hampton បណ្ដោះអាសន្ន នៅថ្ងៃទី១២ ខែកុម្ភៈ។


ប្រធានការិយាល័យទីប្រឹក្សាពិសេសរូបនេះ បានអះអាងថា ការបណ្ដេញលោកចេញពីតំណែងបែបនេះ គឺជាការល្មើសច្បាប់ ដ្បិតអាណត្តិរបស់លោក ត្រូវផុតសុពលភាពនៅឆ្នាំ២០២៩។
ពាក្យបណ្ដឹងរបស់លោក Hampton បានឲ្យថា ប្រធានាធិបតី Trump បានអនុវត្តលើសពីអំណាចរបស់គាត់ ក្នុងការបណ្ដេញលោកចេញពីតួនាទីជាអ្នកឃ្លាំមើលឯករាជ្យ ដ្បិតច្បាប់សហព័ន្ធបានចែងថា អាចបណ្ដេញតែបុគ្គលិកដែល”គ្មានប្រសិទ្ធភាព ការធ្វេសប្រហែសជាមួយកាតព្វកិច្ច ឬការរំលោភបំពាននៅក្នុងការិយាល័យ” ប៉ុណ្ណោះ។
គួររំលឹកបន្តិចថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ រដ្ឋបាលលោក Trump បានផ្ញើសារអ៊ីម៉ែល បណ្ដេញលោក Hampton ចេញពីតំណែងជាប្រធានការិយាល័យទីប្រឹក្សាពិសេស ដោយអះអាងថា ទីភ្នាក់ងារមួយនេះ បានការពារបុគ្គលដែលបញ្ចេញព័ត៌មានរដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo