ទីភ្នាក់ងារព័ត៌មាន AP ត្រូវបានហាមមិនឲ្យចូលការិយាល័យពងក្រពើ ព្រោះតែហេតុផលមួយនេះ

កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ទីភ្នាក់ងារព័ត៌មាន Associated Press បានឲ្យដឹងថា អ្នកសារព័ត៌មានរបស់ខ្លួនម្នាក់ ត្រូវបានហាមមិនឲ្យចូលក្នុងការិយាល័យពងក្រពើ ដើម្បីផ្ដិតយករូបភាពប្រធានាធិបតី Donald Trump ពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ក្រោមហេតុផលពួកគេមិនបានប្ដូរឈ្មោះឈូងសមុទ្រ Gulf of Mexico ទៅជា Gulf of America។

តាមដានជាមួយយើង៖ Million Times

ការីនិពន្ធជាន់ខ្ពស់ Julie Pace របស់កាសែត AP បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា «ថ្ងៃនេះពួកយើងទទួលបានដំណឹងពីសេតវិមានថា បើសិនជា AP មិនព្រមកែសម្រួលអត្ថបទ ឲ្យត្រូវតាមស្តង់ដាររបស់ប្រធានាធិបតី Donald Trump បានបញ្ជាឲ្យប្ដូរឈ្មោះឈូងសមុទ្រ Gulf of Mexico ទៅជា Gulf of America នោះទីភ្នាក់ងារព័ត៌មាន AP នឹងត្រូវដកហូតសិទ្ធក្នុងការចូលរួមកម្មវិធីផ្សេងៗ នៅក្នុងការិយាល័យពងក្រពើ»។

អ្នកនាង Pace បានបញ្ចេញប្រតិកម្មជុំវិញបញ្ហាមួយនេះ ដោយបានអះអាងថា ទង្វើរបស់រដ្ឋបាលលោក Trump កំពុងបង្កការគំរាមកំហែង ដល់ឯករាជ្យភាពរបស់អ្នកសារព័ត៌មាន ហើយវាមិនត្រឹមតែបង្អាក់ការជូនដំណឹងដល់សាធារណជនប៉ុណ្ណោះនោះទេ វាថែមទាំងបំពានលើវិសោធនកម្មទីមួយថែមទៀត។

សូមជម្រាបដែរថា កាលពីខែមុន ប្រធានាធិបតី Donald Trump បានចេញបទបញ្ជាឲ្យកែប្រែឈ្មោះឈូងសមុទ្រ Gulf of Mexico ទៅជា Gulf of America ហើយកាលពីថ្ងៃទី០៩ ខែកុម្ភៈ មេដឹកនាំរូបនេះថែមទាំងបានចុះហត្ថលេខាលើសេចក្ដីប្រកាសទិវា Gulf of America Day ថែមទៀត។ នៅក្នុងថ្ងៃដដែលនោះ ទីភ្នាក់ងារព័ត៌មាន AP បានបង្ហោះវីដេអូលើបណ្ដាញសង្គមរបស់ខ្លួន ដោយបន្តហៅឈូងសមុទ្រមួយនោះ ថា Gulf of Mexico ដដែល ជាហេតុធ្វើឲ្យរដ្ឋបាលលោក Trump មានការមិនពេញចិត្តជាខ្លាំង៕

អត្ថបទ៖ Luffy រូបភាព៖ Fox News