លោក សូ ណារ៉ូ៖ កម្ពុជានិងហ្វីលីពីន ឯកភាពឱ្យបង្កើនជើងហោះហើរត្រង់ភ្នំពេញ-ម៉ានីល និងតភ្ជាប់ថ្មីរវាងទីក្រុងទេសចរណ៍សំខាន់ៗ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងហ្វីលីពីន បានឯកភាពឱ្យបង្កើនជើងហោះហើរត្រង់ដែលមានស្រាប់រវាងភ្នំពេញ-ម៉ានីល និងភ្ជាប់ជើងហោះហើរត្រង់ថ្មីរវាងទីក្រុងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ ដូចជា សៀមរាប-សេប៊ូ ភ្នំពេញ-សេប៊ូជាដើម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការអាស៊ាន បានថ្លែងថា សម្ដេ ហ៊ុន ម៉ាណែត និងលោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បានពិភាក្សាលើកិច្ចសហប្រតិបត្តិការជាច្រើន ដូចជា ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច កសិកម្ម សុខាភិបាល វប្បធម៌ អប់រំនិងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យា ការពារជាតិនិងសន្តិសុខ ព្រមទាំងការជំរុញការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

តាមដានជាមួយយើង៖ Million Times

មិនតែប៉ុណ្ណោះ សម្ដេច និងប្រធានាធិបតីហ្វីលីពីន ក៏បានពិភាក្សាសង្កត់ធ្ងន់លើវិស័យទេសចរណ៍ដោយបានឯកភាពជំរុញឱ្យមានការបង្កើនជើងហោះហើរត្រង់រវាងភ្នំពេញ-ម៉ានីលបន្ថែម ខណៈបច្ចុប្បន្នមាន៥ជើងក្នុងមួយសប្ដាហ៍ស្រាប់ហើយ

បើតាមលោក សូ ណារ៉ូ បន្ថែមលើជើងហោះហើរត្រង់ដែលមានស្រាប់រវាងភ្នំពេញ-ម៉ានីល ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានជំរុញឱ្យមានជើងហោះហើរត្រង់រវាងទីក្រុងទេសចរណ៍សំខាន់ៗផងដែរ ដូចជា សៀមរាប-សេប៊ូ និងភ្នំពេញ-សេប៊ូជាដើម។

លោកថ្លែងថា ការជំរុញឱ្យបង្កើនជើងហោះហើរត្រង់បន្ថែមទៀតនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការតភ្ជាប់រវាងប្រទេសទាំងពីរសម្រាប់ការធ្វើធុរកិច្ច ពាណិជ្ជកម្មជាដើម។

នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ ក្នុងនោះភ្ញៀវទេសចរដែលចូលតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា មានចំនួន២,៣៩៦,៩៣៧លាននាក់។ នៅក្នុងឆ្នាំ២០២៤ដូចគ្នានេះ កម្ពុជាក៏ទទួលបានទេសចរហ្វីលីពីនជិត៧ម៉ឺននាក់ដែរ ខណៈបច្ចុប្បន្នជើងហោះហើរត្រង់រវាងប្រទេសទាំងពីរធ្វើប្រតិបត្តិការ៥ជើងក្នុងមួយសប្ដាហ៍៕​

អត្ថបទ៖ សាងតេជៈ រូបភាព៖ CPP