នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអភិបាលខេត្តកណ្តាល បានពិភាក្សាការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
ក្នុងកិច្ចពិភាក្សានេះ អាជ្ញាធរពាក់ព័ន្ធបានយល់កាន់តែច្បាស់ពីផលប្រយោជន៍ជាសាធារណៈ នៃគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយនឹងក្រុមការងារអនុវត្តគម្រោង អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នឹងចុះផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីពន្យល់លម្អិត និងពិនិត្យរួមគ្នាលើផលប៉ះពាល់ រីឯការដោះស្រាយផលប៉ះពាល់នឹងត្រូវចាប់ផ្តើមពីសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៥តទៅ។


រដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការនៅម៉ោង៩៖០៩នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ តម្លៃ១,៧ពាន់លានដុល្លារ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណនតេជោនេះ កសាងដោយក្រុមបច្ចេកទេស និងជំនាញពីក្រសួងធារណការ និងដឹកជញ្ជូន និងអ្នកជំនាញក្រុមហ៊ុនឯកជនផងដែរ។ លោកបន្តថា ព្រែកជីកហ្វូណននេះមានមុខកាត់ខាងលើចំនួន១០០ម៉ែត្រ និងមុខកាត់ខាងក្រោមចំនួន៨០ម៉ែត្រ ដែលមានប្រវែង១៨០គីឡូម៉ែត្រដោយតភ្ជាប់រាជធានីភ្នំពេញទៅខេត្តកែវ ដោយកាត់តាមផ្លូវទឹកក្នុងខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។
លោក ចាន់ថុល លើកឡើងថា ព្រែកជីកនេះអាចឱ្យនាវាដឹកទម្ងន់ទំនិញចន្លោះពី១ពាន់តោនទៅ៣ពាន់តោនបាន ហើយទឹកក្នុងព្រែកជីក គឺមានទាំងខែប្រាំង និងខែវស្សា ដែលខែប្រាំអាចមានជម្រៅ៥ម៉ែត្រ៤តឹក និងខែវស្សាអាចមានជម្រៅចន្លោះពី១០ម៉ែត្រទៅ១៥ម៉ែត្រ។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍កន្លងមកថា គម្រោងព្រែកជីកនេះ នឹងប៉ះពាល់ប្រជាពលរដ្ឋចំនួន ១,៥៨៥ គ្រួសារ ដីលំនៅដ្ឋាន ១៤៩.៥ហិកតា និងដីស្រែ និងដីចំការចំនួន ២,៩០០ ហិកតា។ ទំហំនៃផលប៉ះពាល់ គឺតិចតួច បើធៀបនឹងគម្រោងផ្សេងទៀត។ លោក ចាន់ថុល មានប្រសាសន៍ថា៖ «ផលប៉ះពាល់សង្គម គឺតិចតួចណាស់។ យើងអាចធ្វើ [ដោះស្រាយ] បាន»។
លោកបានបន្ថែមថា តាមពិត ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលកម្ពុជា រួមទាំងការបង្កើតការងារ ប្រាក់ចំណូលពីការដឹកជញ្ជូនតាមផ្លូវទឹក ការបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន កសិកម្ម និងកាត់បន្ថយការបំពុលបរិយាកាស៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ