លោក Donald Trump ប្រធានាធិបតីអាមេរិកបានកែប្រែពាក្យបណ្ដឹងចាស់ ដែលធ្លាប់ប្ដឹងស្ថានីយប៉ុស្តិ៍ទូរទស្សន៍ CBS ដោយបានទាមទារសំណងជាទឹកប្រាក់ ២០ពាន់លានដុល្លារ ពីបទចែកចាយព័ត៌មានមិនពិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន LA Times។


នៅក្នុងពាក្យបណ្ដឹងថ្មីនោះ លោក Trump បានទារសំណងទឹកប្រាក់ច្រើនជាងពាក្យបណ្ដឹងចាស់ទ្វេដង និងបានបន្ថែមការចោទប្រកាន់លើក្រុមហ៊ុនមេរបស់ CBS គឺក្រុមហ៊ុន Paramount Global ជាចុងចោទ ខណៈបានចាត់តាំងលោក Ronny Jackson អតីតគ្រូពេទ្យប្រចាំខ្លួនរបស់លោក Trump ជាដើមបណ្ដឹង ព្រោះសំណុំរឿងនេះត្រូវដោះស្រាយនៅតុលាការរដ្ឋតិចសាស់។
គួររំលឹកបន្តិចថា កាលពីវិច្ឆិកា ឆ្នាំ២០២៤ លោក Trump បានប្ដឹង CBS ថា ចាក់ផ្សាយនូវព័ត៌មានមិនពិត ពេលដែលលោកស្រី Kamala Harris ឆ្លើយតបនូវសំណួរ ២ផ្សេងគ្នា ក្នុងកម្មវិធី 60 Minutes។ លោក Trump អះអាងថា ការធ្វើបែបនេះ គឺ CBS មានចេតនាចង់បង្កើនប្រជាប្រិយភាពរបស់អតីតអនុប្រធានាធិបតីអាមេរិក និងជាន់ពន្លិចរូបលោក៕
អត្ថបទ៖ Luffy រូបភាព៖ LA Times