មហាសេដ្ឋី Elon Musk និងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE បានអំពាវនាវ សុំឲ្យបិទស្ថាប័នព័ត៌មានធំៗចំនួន២ ដែលផ្ដល់មូលនិធិដោយរដ្ឋាភិបាលអាមេរិក ដែលនោះគឺ ស្ថាប័នព័ត៌មានសម្លេងអាមេរិក VOA និងស្ថានីយវិទ្យុអឺរ៉ុបសេរី RFE។


ការស្នើសុំរបស់លោក Musk បានកើតឡើងបន្ទាប់ពីលោកបានឆ្លើយតបសាររបស់លោក Richard Grenell បេសកជនពិសេសអាមេរិក ដែលរិះគន់ស្ថាប័នព័ត៌មានទាំង២ ខាងលើថា ពួកគេគឺស្ថាប័នចាស់គម្រិល និងអាចដំណើរការបានដោយសារមូលនិធិពីរដ្ឋ ប៉ុន្តែបែរជាបម្រើផលប្រយោជន៍ សម្រាប់ពួកឆ្វេងនិយមទៅវិញ។
មហាសេដ្ឋីមានបំផុតលើលោកបានឆ្លើយតបថា «មែនហើយ បិទពួកគេតែម្ដងទៅ»។ មនុស្សកំពូលលុយរូបនេះថែមទាំងអះអាងទៀតថា ស្ថាប័នទាំង២នេះ គាំទ្រតែពួកឆ្វេងនិយម សរសើរតែខ្លួនឯង ហើយបែរជាលួចលុយប្រជាជនបង់ពន្ធអាមេរិកប្រហែល ១ពាន់លានដុល្លាររាល់ឆ្នាំ។
គួររំលឹកបន្តិចថា កាលពីអាណត្តិដឹកនាំមុន លោក Donald Trump ធ្លាប់មានបំណងកាត់ផ្ដាច់ជំនួយរដ្ឋាភិបាល សម្រាប់ស្ថាប័នព័ត៌មានអន្តរជាតិជាច្រើន ខណៈទង្វើមួយនោះត្រូវបានជំទាស់យ៉ាងខ្លាំង ពីសមាជិកសភាប្រជាធិបតេយ្យ៕
អត្ថបទ៖ Luffy រូបភាព៖ ABC News