បន្ទាប់ពីដាក់អំរែកចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ សម្តេច ហ៊ុន សែន បានខកខានជួបមុខប្រជាពលរដ្ឋជាសាធារណៈអស់រយៈពេលជាច្រើនខែ។ នៅព្រឹកថ្ងៃអង្គារនេះ សម្តេចអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ថ្លែងចេញពីវេទិសាធារណៈនៅចំពោះមុខប្រជាពលរដ្ឋ និងព្រះសង្ឃ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ជនរួមជាតិគ្រប់រូប ដែលបានគាំទ្រការសម្រេចចិត្តរបស់សម្តេចក្នុងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី។
សម្តេចបានថ្លែងបញ្ជាក់ថា ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី គឺជារឿងសំខាន់ ហើយមានមនុស្សយកចិត្តទុកដាក់ខ្លាំងណាស់ ដែលក្នុងនោះរួមមានទាំងប្រទេសជប៉ុនផងដែរ។ សម្តេចថ្លែងបន្តថា ការផ្លាស់ប្តូរមេដឹកនាំនេះ ត្រូវបានយកចិត្តទុកដាក់ ព្រោះមានការព្រួយបារម្ភពីស្ថានភាពរបស់កម្ពុជា។
សម្តេច ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា នៅក្នុងរយៈពេល១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាក៏បានផ្តាំទៅអ្នកនិយាយថា តើពេលណាសម្តេច ហ៊ុន ម៉ាណែត ដើរចេញផុតពីស្រមោលរបស់សម្តេច? សម្តេច ហ៊ុន សែន បានថ្លែងថា ការដឹកនាំរបស់រាជរដ្ឋាភិបាល មិនអាចដើរចេញពីបន្ទាត់នយោបាយរបស់បក្សនោះឡើយ។ សម្តេចបន្ថែមថា អ្នកបន្តវេនមិនអាចដើរចេញពីស្រមោលនៃបន្ទាត់នយោបាយរបស់បក្សនោះឡើយ។
លើសពីនេះ សម្តេចបានអះអាងថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ សម្តេចមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀនដល់អ្នកសរសេរទាំងឡាយស្តីពីការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត។ សម្តេចបានថ្លែងថា បើទោះបីសម្តេចជាឪពុក និងជាប្រធានគណបក្ស តែសម្តេចមិនលូកលាន់ការងាររបស់សម្តេច ហ៊ុន ម៉ាណែត នោះឡើយ។ សម្តេចបានថ្លែងបន្ថែមទៀតថា សម្តេច ហ៊ុន ម៉ាណែត ពេលឡើងធ្វើនាយករដ្ឋមន្ត្រីអត់មានផ្ទះនោះទេ។ ដូច្នេះសម្តេចបានសម្រេចធ្វើផ្ទះជូន ដែលនៅជាប់ផ្ទះរបស់សម្តេច។
បន្ថែមពីលើនេះទៀត សម្តេចក៏បានសង្កត់ធ្ងន់ថា ការមិនលូកលាន់កិច្ចការរបស់សម្តេច ហ៊ុន ម៉ាណែត ទើបធ្វើឱ្យការដឹកនាំរបស់សម្តេចមានភាពរឹងមាំ។ សម្តេចបានថ្លែងថា នាយករដ្ឋមន្ត្រី ដែលដឹកនាំផ្ទុយពីគោលនយោបាយបក្ស ទោះបីជាកូន ក៏ត្រូវដកចេញពីតំណែងដែរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ