កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ប្រធានាធិបតី Donald Trump បានប្រកាសថា លោកនឹងបើកការចរចាលើកិច្ចព្រមព្រៀងទារពន្ធទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើន ក្នុងរយៈពេល ២ថ្ងៃទៀត។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ប្រធានាធិបតី Trump មានបំណងចង់ទារពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួន រួមមានរថយន្ត ផលិតផលបន្ទះឈីប និងថ្នាំពេទ្យ។
មេដឹកនាំអាមេរិករូបនេះ ចាប់ផ្ដើមអនុវត្តវិធានការទារពន្ធគយយ៉ាងដំណុំ ចាប់តាំងពីឡើងអង្គុយកៅអីប្រធានាធិបតី ខណៈលោកអះអាងថា ការទារពន្ធគយបន្ថែម នឹងជួយស្ដារស្ថានភាពសេដ្ឋកិច្ចអាមេរិកឲ្យកាន់តែប្រសើរជាងមុន បើទោះជាវាប្រឈមនឹងការកើតមានវិបត្តិអតិផរណារយៈពេលខ្លីក្ដី។
ជុំវិញការអនុវត្តវិធានការទារពន្ធមិនសំចៃដៃបែបនេះ កាសែត Fox News បានចោទសួរទៅកាន់លោក Trump ថា តើប្រទេសផ្សេងនឹងសងសឹកអាមេរិកដែរទេ? ប្រធានាធិបតីអាមេរិកឆ្លើយតបវិញថា លោកមិនខ្វល់ឡើយ ព្រោះកន្លងមកប្រទេសជាច្រើន បានកេងផលប្រយោជន៍ពីអាមេរិករាប់សិបឆ្នាំ ដូច្នេះវាគួរតែដល់ពេល ដែលអាមេរិកត្រូវប្រមូលផលតបស្នងមកវិញ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters