អាជ្ញាធរក្រុងដូនកែវ នឹងសាងសង់ប្រាសាទមួយនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីជាទីសក្ការៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរ គ្រោងចំណាយថវិកាប្រមាណ ២លានដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពីអភិបាលខេត្តតាកែវ។
ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែងនៅកណ្ដាលបឹងតាកែវ គ្រោងចំណាយថវិកាប្រមាណ២លានដុល្លារ ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ ពោលគឺជាថវិកាដែលបានមកពីការចូលរួមពី សប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស។
លោកថា ការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា ពិសេសទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើន ក៏ទុកជាកេរ្ដិ៍ដំណែលតកូនចៅរាប់សិបជំនាន់ទៀត។


លោកបញ្ជាក់ថា ក្រៅតែពីគម្រោងសាងសង់ប្រាសាទនៅកណ្ដាលបឹងតាកែវ អាជ្ញាធរខេត្តក៏នឹងរៀបចំផ្លូវក្រវាត់បឹងតាកែវមួយទៀតរួមជាមួយសួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងសរុបប្រមាណ ១០គីឡូម៉ែត្រ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណកន្លែងជិះកង់កម្សាន្តសម្រាកលំហែរក្រោយទំនេរពីការងារផ្សេងៗ។
តាមរយៈផែនការមានខ្ទង់ចំណាយច្រើនជាង ២លានដុល្លារនេះ អភិបាលខេត្តតាកែវ ជឿជាក់ថា ក្រោយសាងសង់គម្រោងទាំងអស់នេះរួច ក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ នឹងប្រែមុខមាត់ថ្មីក្រោមដំបូលនៃសុខសន្ដិភាពនឹងទាក់ទាញប្រជាពលរដ្ឋក្នុងខេត្តទេសចរជាតិ អន្តរជាតិ និងមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តតាកែវ