ប្រធានាធិបតី Trump ចេញបញ្ជាឲ្យឈប់ផលិតកាក់សេន ដើម្បីកាត់បន្ថយការចំណាយ

នាថ្ងៃចន្ទ ទី១០ ខែកុម្ភៈ លោក Donald Trump ប្រធានាធិបតីអាមេរិកទី៤៧ បានប្រកាសចេញបញ្ជាឲ្យក្រសួងរតនាគារបញ្ឈប់ការផលិតកាក់សេនថ្មីៗ ដើម្បីកាត់បន្ថយថ្លៃចំណាយមិនចាំបាច់របស់រដ្ឋ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន AP។

លោក Trump បានសរសេរសារបង្ហោះលើបណ្ដាញសង្គមថា អស់រយៈពេលជាយូរណាស់មកហើយ ដែលសហរដ្ឋអាមេរិកចំណាយលុយខ្ជះខ្ជាយ លើការផលិតកាក់តម្លៃមួយសេន តែថ្លៃដើមផលិតត្រូវចាយអស់ពីរសេន។ វាគឺជាការចំណាយឥតប្រយោជន៍បំផុត។

តាមដានជាមួយយើង៖ Million Times

គួររំលឹកបន្តិចថា សម្រាប់ឆ្នាំសារពើពន្ធ២០២៤ អាមេរិកខាតលុយ ៨៥,៣លានដុល្លារ ទៅលើការផលិតកាក់សេន ៣,២ពាន់លានកាក់ ដោយកាក់តម្លៃ ១សេន ត្រូវចាយដើមផលិត ៣,៧សេន ខណៈកាក់តម្លៃ ៥សេន ចំណាយដើមទុនផលិតដល់ទៅ ១៤សេន។

រដ្ឋបាលថ្មីដឹកនាំដោយលោក Donald Trump កំពុងព្យាយាមអនុវត្តគ្រប់វិធានការ ដើម្បីធានាបាននូវគម្រោងកាត់បន្ថយការចំណាយរដ្ឋាភិបាល រហូតដល់ ២ទ្រីលានដុល្លារក្នុងមួយឆ្នាំ ដោយប៉ុន្មានសប្ដាហ៍ចុងក្រោយបានកាត់បន្ថយបុគ្គលិកសហព័ន្ធរាប់ពាន់នាក់ និងកាត់ផ្ដាច់ជំនួយទៅកាន់បណ្ដាប្រទេសផ្សេងៗថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ News9