ពលរដ្ឋវៀតណាមចាយលុយមួយថ្ងៃជិត ៣៥លានដុល្លារ លើការទិញទំនិញអនឡាញ

កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ របាយការណ៍ស្រាវជ្រាវមួយបានបង្ហាញថា ប្រជាជនវៀតណាមបានចំណាយប្រាក់ប្រហែល ៨៧៤ពាន់លានដុង ឬ ៣៤,៦លានដុល្លារក្នុងមួយថ្ងៃ លើការទិញទំនិញអនឡាញកាលពីឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន VNExpress។

តាមដានជាមួយយើង៖ Million Times

ប្រភពដដែលបានឲ្យដឹងថា ការចំណាយរបស់ពលរដ្ឋវៀតណាមលើការទិញទំនិញអនឡាញក្នុងឆ្នាំ២០២៤ មានសរុបរហូតដល់ ៣១៩,៩ទ្រីលានដុង កើនឡើងប្រហែល ៣៧% បើធៀបនឹងឆ្នាំកន្លងទៅ ស្របពេលផ្លេតហ្វមដែលពេញនិយមរួមមាន Shopee, Lazada, TikTok Shop, Tiki និង Sendo។

នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល បានអះអាងថា ទំហំទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម ក្នុងឆ្នាំ២០២៤ មានកំណើនលើសពី ២៥ពាន់លានដុល្លារ ច្រើនជាងការរំពឹងទុក ២០%។

កាសែតវៀតណាមបានបន្ថែមទៀតថា ប្រជាជនមានទំនោរទិញទំនិញអនឡាញខ្លាំង ជាពិសេសគឺការទិញទំនិញពីបរទេស ដោយសារបច្ចុប្បន្នវិស័យដឹកជញ្ជូននៅវៀតណាម មានការអភិវឌ្ឍន៍ច្រើន តួយ៉ាងរយៈពេលនៃការដឹកទំនិញត្រូវបានកាត់បន្ថយ និងហានិភ័យនៃការបាត់ទំនិញ ក៏បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។

គួររំលឹកបន្តិចថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាមក៏ជាផ្នែកមួយ ក្នុងការជួយសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ច ៧,០៩% កាលពីឆ្នាំទៅ ដោយសារវាបានលើកកម្ពស់ និងជំរុញឲ្យប្រជាជនបង្កើនការចាយវាយ ធ្វើឲ្យសរសៃឈាមសេដ្ឋកិច្ចមានលំហូរល្អ៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress