រដ្ឋបាល Trump គ្រោងកាត់បន្ថយបុគ្គលិក USAID រហូតដល់ ៩៧% ទូទាំងសកលលោក

នាថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ សារព័ត៌មាន Reuters បានចុះផ្សាយថា រដ្ឋបាលអាមេរិក ដឹកនាំដោយប្រធានាធិបតី Donald Trump មានផែនការកាត់បន្ថយបុគ្គលិកទីភ្នាក់ងារអាមេរិកសម្រាប់កិច្ចការអភិវឌ្ឍអន្តរជាតិ USAID ទូទាំងសកលលោករហូតដល់ ៩៧% ឯណោះ។

តាមដានជាមួយយើង៖ Million Times

គម្រោងការរបស់រដ្ឋបាលលោក Trump មានបំណងកាត់បន្ថយបុគ្គលិក USAID ពីចំនួនច្រើនជាង ១០ ០០០នាក់ទូទាំងសកលលោក មកនៅត្រឹម ២៩៤នាក់ប៉ុណ្ណោះ ដោយក្នុងនោះការិយាល័យនៅអាហ្វ្រិក នឹងមានបុគ្គលិកត្រឹម ១២នាក់ ខណៈនៅអាស៊ីមានត្រឹម ៨នាក់។

គួររំលឹកបន្តិចថា សេវាស្រាវជ្រាវសភា (CRS) បានបញ្ចេញទិន្នន័យបង្ហាញពីចំនួនបុគ្គលិក USAID ដែលមានលើសពី ១០ ០០០នាក់ ខណៈ ២/៣ នៃចំនួននេះ គឺកំពុងធ្វើការនៅក្រៅទឹកដីអាមេរិក។ ពួកគេគ្រប់គ្រងលើមូលនិធិច្រើនជាង ៤០ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣។

ទីភ្នាក់ងារផ្ដល់ជំនួយធំបំផុតលើលោកមួយនេះ បានស្ថិតក្នុងរ៉ាដានៃកម្មវិធីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដឹកនាំដោយមហាសេដ្ឋី Elon Musk ចាប់តាំងពីលោក Donald Trump ឡើងកាន់តំណែងប្រធានាធិបតីកាលពីថ្ងៃទី២០ ខែមករា។ គ្រាន់តែចូលកាន់តំណែងភ្លាម លោក Trump ចុះហត្ថលេខាផ្អាកការផ្គត់ផ្គង់ជំនួយទូទាំងពិភពលោក បង្កឲ្យកម្មវិធីសប្បុរសធម៌ខ្លះ ត្រូវបង្ខំឲ្យបិទភ្លាមៗ ស្របពេល Elon Musk យល់ឃើញថា ការចាយលុយលើទីភ្នាក់ងារ USAID គឺជារឿងខ្ជះខ្ជាយ ហើយមិនអាចកែខៃបានងាយៗឡើយ។

ជុំវិញគម្រោងការណ៍បិទទីភ្នាក់ងារ និងព័ត៌មានចុងក្រោយនៃការបញ្ឈប់បុគ្គលិក USAID នេះ មហាសេដ្ឋី Elon Musk រួមទាំងរដ្ឋបាលលោក Trump ទទួលរងការរិះគន់យ៉ាងដំណុំ ពីសំណាក់អ្នកគាំទ្របក្សប្រជាធិបតេយ្យ ដោយបានហៅទង្វើទាំងនេះថាជាអំពើអមនុស្សធម៌៕

អត្ថបទ៖ Luffy រូបភាព៖ The Japan Times