លោក Bill Gates និយាយថា លោកបានជួបជាមួយប្រធានាធិបតី Donald Trump នៅសេតវិមានកាលពីថ្ងៃពុធ ដើម្បីតស៊ូមតិសម្រាប់ការបន្តការផ្តល់ជំនួយបរទេសពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID)។
NBC News បានចុះផ្សាយថា សហស្ថាបនិក Microsoft បាននិយាយថា លោកមានកិច្ចប្រជុំខ្លីជាមួយប្រធានាធិបតី Donald Trump និងកិច្ចប្រជុំដ៏យូរជាមួយប្រធានបុគ្គលិក Susie Wiles ។
រដ្ឋបាលថ្មីលោក Trump បានបិទទីភ្នាក់ងារ USAID ជាម្ចាស់ជំនួយធំជាងគេបង្អស់តែមួយគត់នៅលើពិភពលោក។ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់មហាសេដ្ឋី Elon Musk ចោទប្រកាន់ថា វាចំណាយខ្ជះខ្ជាយ។
ក្នុងឆ្នាំសារពើពន្ធ ២០២៣ សហរដ្ឋអាមេរិកបានបញ្ចេញជំនួយ ៧២ ពាន់លានដុល្លារនៅជុំវិញពិភពលោកទៅលើផ្នែកគ្រប់មុខរាប់ចាប់ពីសុខភាពស្ត្រីក្នុងតំបន់សង្គ្រាមរហូតដល់ការទទួលបានទឹកស្អាត ការព្យាបាលវីរុសឬជំងឺអេដស៍ សន្តិសុខថាមពល និងការងារប្រឆាំងអំពើពុករលួយ។ ទីភ្នាក់ងារនេះបានផ្តល់ជំនួយមនុស្សធម៌ ៤២% ក្នុងចំណោមជំនួយមនុស្សធម៌ទាំងអស់ដែលកត់ត្រាដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៤៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Google