កាលពីដើមសប្ដាហ៍នេះ ក្រសួងយុត្តិធម៌បានប្រកាសថា ការិយាល័យរបស់ខ្លួនបានត្រៀមរួចស្រេច ក្នុងការចាត់វិធានការផ្លូវច្បាប់ ចំពោះជនណាដែលហ៊ានរារាំងក្រុមការងារនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល (DOGE) មិនឲ្យពួកគេធ្វើការពេញដៃពេញជើង។
សេចក្ដីប្រកាសរបស់ក្រសួងយុត្តិធម៌ ត្រូវបានធ្វើឡើងបន្ទាប់ពីសេតវិមានបានបញ្ជាក់ប្រាប់កាសែត USA Today ថា លោក Elon Musk ប្រធាន DOGE គឺជាបុគ្គលិករដ្ឋាភិបាលពិសេស ដែលមានកាតព្វកិច្ចកាត់បន្ថយ និងរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលសហព័ន្ធឡើងវិញ។


លោក Ed Martin មេធាវីបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុង Columbia បានមានប្រសាសន៍ថា «ខ្ញុំសូមរំលឹកឡើងវិញថា ពួកយើងនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គល ឬក្រុមណាដែលរារាំង ក៏ដូចជាគំរាមកំហែងសុវត្ថិភាពក្រុមការងារ DOGE។ ពួកយើងនឹងព្យាយាមការពារ DOGE និងបុគ្គលិករបស់យើង ឲ្យបានគ្រប់ជ្រុងជ្រោយបំផុត»។
សូមជម្រាបដែរថា DOGE ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃដែលលោក Donald Trump ឡើងអង្គុយកៅអីប្រធានាធិបតីកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយមានមហាសេដ្ឋី Elon Musk ជាប្រធាននាយកដ្ឋាន ទទួលបន្ទុកកាត់បន្ថយការចំណាយរដ្ឋាភិបាល។
ក្រោយក្លាយជាក្បាលម៉ាស៊ីន DOGE មហាសេដ្ឋីមានបំផុតលើលោករូបនេះ ព្យាយាមចូលឆែកឆេរទិន្នន័យរដ្ឋបាល តាមនាយកដ្ឋាននីមួយៗ ដើម្បីសិក្សាពីការកែប្រែរចនាសម្ព័ន្ធរដ្ឋាភិបាល និងកាត់បន្ថយចំនួនបុគ្គលិក ក៏ដូចជានាយកដ្ឋានមួយចំនួន ដែលពួកគេគិតថាចំណាយលុយឥតប្រយោជន៍៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo