កាលពីថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ សេតវិមានបានប្រកាសថា មានបុគ្គលិកយ៉ាងតិច ២០ ០០០នាក់ បានយល់ព្រមដាក់ពាក្យលាឈប់ តាមសំណើរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបានប្រកាសកាលពីសប្ដាហ៍មុន ក្នុងគោលបំណងកាត់បន្ថយបុគ្គលិករដ្ឋាភិបាល។


សារព័ត៌មាន USA Today បានចុះផ្សាយថា បុគ្គលិកដែលដាក់ពាក្យលាឈប់ នឹងទទួលបានប្រាក់ខែសរុប ៨ខែ ហើយសំណើរបស់មេដឹកនាំអាមេរិក មានសុពលភាពត្រឹមថ្ងៃទី០៦ ខែកុម្ភៈនេះ។ បុគ្គលិកសហព័ន្ធដែលមិនលាឈប់ នឹងត្រូវត្រឡប់មកបម្រើការពេញម៉ោងធម្មតា ហើយត្រូវប្រឈមនឹងការជម្រុះចេញនាពេលក្រោយ។
ចំនួនបុគ្គលិកដែលបានដាក់ពាក្យលាឈប់នោះ មានប្រហែល ១% នៃចំនួនបុគ្គលិកសហព័ន្ធច្រើនជាង ២លាននាក់ ស្របពេលសេតវិមានអះអាងថា តួលេខនឹងបន្តកើនឡើងបន្ថែមទៀត។ សំណើរបស់មេដឹកនាំអាមេរិក មានបំណងកាត់បន្ថយបុគ្គលិកចន្លោះពី ៥% ទៅ ១០% ឯណោះ។
សូមជម្រាបដែរថា រដ្ឋបាលលោក Trump កំពុងព្យាយាមកាត់បន្ថយបុគ្គលិកសហព័ន្ធ និងលុបចោលនូវនាយកដ្ឋានរដ្ឋាភិបាលមួយចំនួន ដែលពួកគេគិតថា ចំណាយលុយអត់ប្រយោជន៍ ដែលវាក៏ជាផែនការមួយក្នុងគម្រោងកាត់បន្ថយការចំណាយរដ្ឋាភិបាលផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters