ព្រឹកនេះនាយករដ្ឋមន្ត្រី​កម្ពុជា ចុះពិនិត្យ​សង្វាក់​ផលិតកម្មរោងចក្រម៉ូតូហុងដា NCX

នៅ​ព្រឹក​ថ្ងៃ​ពុធ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ពិនិត្យសង្វាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិសែនជ័យ រាជធានី ភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

ក្នុងការ​ចុះ​ទៅ​ត្រួត​ពិនិត្យខ្សែសង្វាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​នៃក្រុមហ៊ុន អិន ស៊ី អិច របស់​នាយករដ្ឋមន្ត្រីកម្ពុជា ក៏​មាន​ថ្នាក់​ដឹកនាំ​នៅ​តាម​បណ្ដាក្រសួង​សំខាន់​ៗ​ជាច្រើន​រូប អម​ដំណើរផងដែរ ​និង​ទស្សនា​ផ្ទាល់​ពី​ការ​ដំឡើង​ម៉ូតូ​។

គួរ​ឲ្យដឹង​ថា អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យ​ឧស្សាហកម្ម​ផលិត និង​ចែកចាយ​ម៉ូតូ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ក្រុមហ៊ុន​មួយ​ក្នុង ចំណោម​ក្រុមហ៊ុន​ដ៏​ធំ ហើយមាន​ឥទ្ធិពល​បំផុត​នៅ​កម្ពុជាយូរ​ឆ្នាំ​មក​ហើយ។

បុគ្គលិក​ជាន់​ខ្ពស់របស់ក្រុមហ៊ុន អិន ស៊ី អិច បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដំឡើង​ម៉ូតូ ៥ប្រភេទ រួមមាន​ Click, Scoopy, Dream, Wave និង Beat។ បុគ្គលិក​នៃ​ក្រុមហ៊ុន​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មុន​ពេល​ជំងឺ​កូវីដ-១៩ រាតត្បាត ក្រុមហ៊ុន​ដំឡើង​ម៉ូតូ​ចែកចាយ​លើ​ទីផ្សារ​ប្រមាណ ៤០ ម៉ឺន​គ្រឿង​ក្នុង​មួយឆ្នាំ។

ចំណែក​កាលពី​ឆ្នាំ ២០២៤ ក្រុមហ៊ុន​ដំឡើង​បាន និង​ចែកចាយ​ប្រមាណ ២៥ ម៉ឺន​គ្រឿង។ ចំនួន​នេះ មាន​ការ​កើន​ឡើង​ប្រមាណ ១៧ ទៅ ២០ ភាគរយ ធៀប​នឹង​ឆ្នាំ ២០២៣។

ជាមួយ​នឹង​ដំណើរ​ការ​ដំឡើង និង​ផលិត​គ្រឿង​បន្លាស់​នេះ ក្រុមហ៊ុន​បាន​ផ្ដល់​ការងារ​ដល់​បុគ្គលិក និង​កម្មករ​សរុប​ប្រមាណ ១ ២០០ នាក់ ដែល​សុទ្ធ​សឹង​ជា​ពលរដ្ឋ​ខ្មែរ មាន​បរទេស​តែ ៧ នាក់​ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិក៕

អត្ថបទ៖ មេរ៉ា៖ រូបភាព៖ Fresh News