ក្រសួងមហាផ្ទៃ និងសមាគមឧកញ៉ាកម្ពុជា កោះហៅលោកស្រី Love Rya ចូលខ្លួនបំភ្លឺរឿងប្រើប្រាស់បណ្តាញសង្គម

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃក្រសួងមហាផ្ទៃ និង​សមាគម​ឧកញ៉ា​កម្ពុជា​ បានចេញលិខិតដាច់ដោយឡែកពីគ្នាកោះអញ្ជើញលោកស្រីឧកញ៉ា​ ឆេង​ ស្រីរ័ត្ន​ ហៅ​ Love Riya ចូលខ្លួន​បំភ្លឺ​ នៅព្រឹក​ថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ពាក់ព័ន្ធ​ករណី​បង្ហោះ​ព័ត៌មាន​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កន្លងមក​។

សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ថា ការកោះហៅលោកស្រី Love Rya ដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួននាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

តាមដានជាមួយយើង៖ Million Times

មានអាយុ ៤០ឆ្នាំ លោកស្រី ឆេង​ ស្រីរ័ត្ន​ ហៅ​ Love Riya គឺជាអ្នករកស៊ីតាមរយៈអនឡាញលើផលិតផលឡេ ហើយត្រូវបានគេមើលឃើញថាកំពុងជោគជ័យយ៉ាងសម្បើម មានទ្រព្យសម្បត្តិ សម្ភារប្រេនៗ ពិសេសរថយន្តទំនើបៗរាប់គ្រឿងជិះទៅណាមកណាផ្អើលអស់អ្នកស្រុក។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់លោកស្រី Love Rya នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម