កាលពីម្សិលមិញ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ឲ្យដឹងថា ក្រសួងពាក់ព័ន្ធត្រៀមនឹងកោះហៅបុគ្គល ឬអ្នកលក់អនឡាញណាដែលតាំងខ្លួនឯងជាព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ ចូលបង្ហាញខ្លួនឆាប់ៗ ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន។
លោកស្រី ញ៉ែម មរកត បានប្រកាសលើបណ្ដាញសង្គមហ្វេសប៊ុក និងភ្ជាប់មកជាមួយរូបភាពអ្នកជំនួញអនឡាញល្បាញល្បី Love Riya ដែលមួយរយៈនេះចូលចិត្តធ្វើទីផ្សារភ្ជាប់យកបុគ្គលមានយសស័ក្ដិពីជំនាន់មុន។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបន្តទៀតថា អ្នករកស៊ីរកស៊ីកុំចេះតែបែកឆ្វេងតាំងខ្លួនជាបារមីនេះ បារមីនោះកាន់ ដើម្បីទាញយកផលប្រយោជន៍ក្រុមខ្លួន ហើយមកបន្ទាបបន្ថោកកិត្យានុភាពជាតិ សាសនា វីរបុរស វីរស្ត្រីជាដូនតាជំនាន់មុន។ ការលើកឡើងចំៗនេះ គឺសំដៅលើអ្នកជំនួញអនឡាញ Love Riya ដែលមានឈ្មោះពិត ឆេង ស្រីរ័ត្ន ដែលចូលចិត្តនិយាយក្នុងវីដេអូថា លោកស្រីគឺអ្នកមានបុណ្យបារមី ឬថាជាមហេសីអង្គវីរក្សត្រជំនាន់មុន មកចាប់កំណើត។
លោកស្រី ញ៉ែម មរកត បានបន្ថែមទៀតថា សម្រាប់អ្នកដែលតាំងខ្លួនជាមហេសីព្រះអង្គត្រៀមខ្លួនទៅ ព្រោះថាក្រសួងពាក់ព័ន្ធនឹងអញ្ជើញទៅបង្ហាញខ្លួនឆាប់ៗហើយ។
ម្ចាស់ប្រេន Love Riya ដែលគេស្គាល់ថាជាបុគ្គលចូលចិត្តសំញែងភាពហ៊ឺហាតាមបណ្ដាញសង្គម មួយរយៈនេះតែងតែអះអាងថាខ្លួននាង គឺជាអ្នកនេះ ឬអ្នកនោះមកចាប់កំណើត ទើបធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមិនពេញចិត្ត ព្រោះប៉ះពាល់ដល់ដូនតាខ្មែរ ដែរជាអ្នកមានពូជពង្សថ្លៃថ្នូរ។
គួរបញ្ជាក់ដែរថា មិនមែនមានតែ Love Riya ម្នាក់ឡើយ ដែលធ្វើរឿងអស់ទាំងនោះ នៅមានបុគ្គលដទៃទៀត ដើរឃោសនាថាខ្លួនជាព្រះ ឬអ្នកមានបុណ្យមកចាប់កំណើត៕
អត្ថបទ៖មេរ៉ា, រូបភាព៖ Morokat Nhem