កាលពីថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ តម្រូវឲ្យរដ្ឋាភិបាលបង្កើតនូវមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យនាឆ្នាំក្រោយ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា បើសិនជាមូលនិធិនេះលេចចេញជារូបរាង អាមេរិកនឹងក្លាយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសជាច្រើន នៅតំបន់មជ្ឈិមបូព៌ា និងអាស៊ី ដែលអាចមានមធ្យោបាយប្រើលុយរដ្ឋាភិបាល វិនិយោគដោយផ្ទាល់បាន។
លោក Trump បានបញ្ជាឲ្យនាយកដ្ឋានរតនាគារ និងពាណិជ្ជកម្ម ដាក់ផែនការសម្រាប់មូលនិធិមួយនេះក្នុងរយៈពេល ៩០ថ្ងៃ រួមទាំងអនុសាសន៍ស្តីពី “យន្តការផ្តល់មូលនិធិ យុទ្ធសាស្ត្រវិនិយោគ រចនាសម្ព័ន្ធមូលនិធិ និងគំរូអភិបាលកិច្ច”។
សារព័ត៌មាន Bloomberg បានចុះផ្សាយថា អាមេរិកទំនងកែប្រែទីភ្នាក់ងាររដ្ឋ សាជីវកម្មអភិវឌ្ឍហិរញ្ញវត្ថុអន្តរជាតិ (DFC) ទៅជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ ដ្បិតបច្ចុប្បន្ន DFC កំពុងធ្វើការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុឯកជន បណ្ដាក់ទុនលើគម្រោងអភិវឌ្ឍទូទាំងសកលលោក។
មន្ត្រីរដ្ឋបាលមិនបានប្រាប់ពីប្រភពចំណូល នៃការបង្កើតមូលនិធិមួយនេះឡើយ ក៏ប៉ុន្តែកន្លងមកលោក Trump ធ្លាប់បង្ហើបថា វានឹងត្រូវបង្កើតឡើង តាមរយៈការទារពន្ធគយនានា។
សូមជម្រាបដែរថា ជាទូទៅការបង្កើតមូលនិធិបែបនេះ គឺត្រូវពឹងផ្អែកលើអតិរេកថវិកាជាតិ ប៉ុន្តែបច្ចុប្បន្នអាមេរិកកំពុងមានបញ្ហាឱនភាពថវិកា ដូច្នេះពួកគេចាំបាច់ត្រូវការការយល់ព្រមពីសភា ដើម្បីអាចសម្រេចគម្រោងមួយនេះ៕
អត្ថបទ៖ Luffy រូបភាព៖ Forbes /FFWD