ប្រធានាធិបតីអាមេរិក Donald Trump បានចេញបញ្ជាពន្យារពេលការទារពន្ធបន្ថែមពីប្រទេសម៉ិកស៊ិក និងកាណាដា រយៈពេល ៣០ថ្ងៃសិន ជាថ្នូរនឹងសម្បទានព្រំដែន និងការអនុវត្តឧក្រិដ្ឋកម្មជាមួយប្រទេសជិតខាងទាំងពីរ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងប្រធានាធិបតីម៉ិកស៊ិក អ្នកស្រី Claudia Sheinbaum បានយល់ព្រមសំណើលោក Trump ចំពោះការសហការបង្ក្រាបអំពើអន្តោប្រវេសន៍ និងរត់ពន្ធគ្រឿងញៀនឆ្លងដែន។
ក្រោយទទួលបានការព្រមព្រៀងគ្នា អាមេរិកបានប្រកាសពន្យារពេលទារពន្ធបន្ថែម ២៥% ពីប្រទេសទាំង២ រយៈពេល ៣០ថ្ងៃ រាប់ចាប់ពីថ្ងៃទីអង្គារ ទី០៤ ខែកុម្ភៈតទៅ។
ថ្វីបើលោក Trump លើកលែងការតំឡើងពន្ធចំពោះប្រទេសជិតខាងទាំង២ បណ្ដោះអាសន្ន ក៏ប៉ុន្តែវិធានការទារពន្ធ ១០% ពីប្រទេសចិន នឹងនៅតែបន្តអនុវត្តចាប់ពីថ្ងៃអង្គារ ទី០៤ ខែកុម្ភៈដដែល។ ប្រធានាធិបតីអាមេរិករូបនេះព្រមានទៀតថា លោកអាចនឹងបង្កើនពន្ធគយលើទីក្រុងប៉េកាំងបន្ថែមទៀត នាថ្ងៃអនាគត៕
អត្ថបទ៖ Luffy រូបភាព៖ NYT